Monday, November 24, 2025
Homeព័ត៌មានជាតិក្រុមហ៊ុនសេង ហាន នាំបុគ្គលិកឆ្នើម១៥០នាក់ ទៅកម្សាន្ដនៅថៃ

ក្រុមហ៊ុនសេង ហាន នាំបុគ្គលិកឆ្នើម១៥០នាក់ ទៅកម្សាន្ដនៅថៃ

កាលពីព្រឹកថ្ងៃទី18 ខែមករា ឆ្នាំ2020 វេលាម៉ោង៦ព្រឹក នាព្រលានយន្ដហោះអន្ដរជាតិ-ភ្នំពេញ លោកយ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេង ហាន ឯ.ក បានដឹកនាំបុគ្គលិកឆ្នើមទៅកម្សាន្ដនៅភូកេតប្រទេសថៃ។

មិនខុសពីការប្រកាសកាលពីលើកមុន ដើម្បីលើកទឹកចិត្តដល់បុគ្គលិកឆ្នើមក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនលក់ដីសេង ហាន ដែលកំពុងវិនិយោគខ្លាំងលើវិស័យមួយនេះបានចំណាយថវិកាប្រមាណជាង៧ម៉ឺនដុល្លារទៀតហើយ ដឹកនាំបុគ្គលិកឆ្នើមចំនួន150រូប ដើម្បីឲ្យបុគ្គលិកទាំនោះមានឱកាសទៅទស្សនកិច្ចនិងដើរកម្សាន្តនៅភូកេត ប្រទេសថៃ ដែលជាដំណើរកម្សាន្តដើមឆ្នាំទ្រង់ទ្រាយធំ។

អគ្គនាយកក្រុមហ៊ុនមួយនេះ បានអះអាងថា ហេតុផលដែលនាំអោយមានទស្សនកិច្ចនិងការដើរកម្សាន្តជាទ្រង់ទ្រាយធំនេះ គឺដើម្បីឲ្យបុគ្គលិកដែលមានចេញទៅដើម្បីស្វែងយល់ពីការរីកចម្រើននៅក្រៅប្រទេស និងដើម្បីងាយស្រួលទទួលយកចំណេះដឹងទាំងនោះដើម្បីការងារប្រចាំថ្ងៃ និងអភិវឌ្ឍន៍ប្រទេស។

ថ្លែងក្នុងឱកាសមុនឡើងយន្តហោះ លោកយ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេង ហាន ឯ.ក បានបញ្ជាក់ថា នេះជាលើកទី4ហើយដែលលោកបានដឹកនាំបុគ្គលិកអោយចេញដើរក្រៅប្រទេស ដោយតាមគោលការណ៍គឺ៣ខែម្ដង ក្រុមហ៊ុននឹងដឹកនាំអ្នកខំប្រឹងប្រែងក្នុងវិស័យអចលនទ្រព្យអោយទៅឃើញស្រុកគេម្ដង ប៉ុន្តែក៏ផ្អែកតាមពេលវេលាជាក់ស្ដែងផងដែរ ដោយមិនប្រាកដថារៀងរាល់៣ខែម្ដងនោះឡើយ។

លោកសេងហាន បន្តថា ហេតុផលនៃការចំណាយប្រាក់នេះ គឺលោកចង់ដឹកនាំក្រុមការងារនិងបុគ្គលិកឆ្នើមទាំងនោះឲ្យចេះស្វែងយល់ពីចំណេះដឹង និងការរីកចម្រើនរបស់ប្រទេសខាងក្រៅ និងដើម្បីឲ្យបុគ្គលដែលមានសមត្ថភាពកាន់តែមានទឹកចិត្ត និងចេះសាមគ្គីគ្នាក្នុងក្រុមការងារ នៅពេលចេញដើរជាក្រុម។

លោកថា សប្បាយចិត្តដែលបុគ្គលិករបស់លោកបានស្គាល់ បានឃើញពីបរិយាកាសនៅក្នុងប្រទេសទំនើប ហើយអាចយកចំណេះដឹងដែលបានពីដំណើរទស្សនកិច្ច មកធ្វើឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ខ្ពស់នៅក្នុងក្រុមហ៊ុន ក៏ដូចជានៅក្នុងប្រទេស។

លោកបន្ថែមថា លោកមានគម្រោងដឹកនាំក្រុមការងារ និងអតិថិជនដែលចាប់ឆ្នោតត្រូវទៅកម្សាន្តនៅក្នុងប្រទេសចិន ហុងកុង ថៃ និង ម៉ាកាវ ជាដើមអោយបានញឹកញាប់ក្នុងមួយឆ្នាំ ដើម្បីបង្កើនទំនាក់ទំនងក្រុមការងារផង និងដើម្បីអោយអតិថិជនកាន់តែមានទំនុកចិត្តលើសេវាកម្មរបស់ក្រុមហ៊ុនសេងហាន ដែលជាក្រុមហ៊ុនពុះលក់ដីឡូតិ៍ដ៏ធំមួយនៅកម្ពុជា៕

RELATED ARTICLES