Monday, November 24, 2025
Homeព័ត៌មានជាតិនៅម្នាក់ឯងលំបាកផង និងមិនមានអ្នកយល់ចិត្ត ស្ត្រីមេម៉ាយលោតទឹក

នៅម្នាក់ឯងលំបាកផង និងមិនមានអ្នកយល់ចិត្ត ស្ត្រីមេម៉ាយលោតទឹក

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ធ្លាប់មានប្តីមានកូនម្នាក់ដែរ តែដោយសាររស់នៅមិនសូវចុះសម្រុងក៏ឈានដល់ការលែងលះចែកផ្លូវគ្នា ដោយប្តីបានយកកូនប្រុសទៅរស់នៅជាមួយបាត់ ទុកឱ្យខាងស្រីរស់នៅខ្លួន១កំព្រារងាគ្មាអ្នកមើលថែគ្មានអ្នកយល់ចិត្ត ក៏កើតមានអារម្មណ៍តូចចិត្តរត់ទៅផឹកស្រាស្រវឹងធ្លាក់ភ្នែក ស្រាប់តែបែកគំនិតគិតខ្លីជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ទាំងកណ្តាលយប់។

ករណីនាងមេម៉ាយរូបស្រស់ចង់បញ្ចប់ជីវិត ដោយការលោតទឹកស្ពានជ្រោយចង្វានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីគិតខ្លីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន មានឈ្មោះម៉ារី អាយុ៣១ឆ្នាំ ជាស្រីមេម៉ាយ និងជាអាជីវករលក់ខោអាវនៅផ្សារព្រៃទា ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេឃើញនារីខាងលើជិះម៉ូតូមួយគ្រឿងទាំងក្នុងស្ថានភាពស្រវឹង  បានធ្វើដំណើរឡើងស្ពានជ្រោយចង្វាចាស់ ក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់ពាក់កណ្តាលស្ពានត្រង់ចំណុចកើតហេតុ ស្ត្រីរូបនោះក៏បានឈប់ម៉ូតូរួចចុះមកឈរតោងបង្កាន់ដៃស្ពាន ស្រែកទ្រហោយំ ហើយប៉ុនប៉ងលោតពីលើស្ពានសម្លាប់ខ្លួន ធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុចូលទៅជួយចាប់ឃាត់ទាន់ពេលវេលា។

ប្រភពបន្តថា នៅពេលកើតហេតុ នារីខាងលើគិតតែពីស្រែកយំ ហើយប្រាប់គេឯងថា នាងចង់ស្លាប់ និងបន្តយំសោករហូតដួលសន្លប់បាត់មាត់បាត់កនៅនឹងកន្លែង និងត្រូវបានប្រជាពលរដ្ឋធ្វើការជួយសង្គ្រោះបឋម និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ លុះបន្តិចក្រោយមកនាងបានដឹងខ្លួនវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចបានយកទូរស័ព្ទដៃស្ត្រីខាងលើ ធ្វើការទំនាក់ទំនងទៅសាច់ញាតិឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ។

សាច់ញាតិនារីរងគ្រោះបានបញ្ជាក់ប្រាប់ សមត្ថកិច្ចថា មូលហេតុដែលនារីរងគ្រោះចង់សម្លាប់ខ្លួន ព្រោះតែមានវិបត្តិគ្រួសារ។ ដោយនារីរូបនេះធ្លាប់បានសាងស្នេហ៍ជាមួយប្តី បានកូនប្រុសម្នាក់ជាចំណងស្នេហ៍ដែរ តែក្រោយមកដោយសាររស់នៅមិនចុះសម្រុងគ្នាក៏ឈានដល់ការលែងលះ ហើយកូនប្រុសត្រូវប្តីយកទៅចិញ្ចឹម ធ្វើឱ្យនាងរស់នៅតែម្នាក់ឯងកំព្រារងាឯកាគ្មានអ្នកយល់ចិត្ត ទើបធ្វើឱ្យនាងពិបាកចិត្តគិតអ្វីលែងចេញ ក៏បានផឹកស្រាឡើងស្រវឹងដាប រួចជិះម៉ូតូធ្វើដំណើរមកលោតទឹក សម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាទាំងកណ្តាលយប់បែបនេះតែម្តង៕

RELATED ARTICLES