Monday, November 24, 2025
Homeព័ត៌មានជាតិរំកិលខុសបច្ចេកទេស ផ្ទះរលំខ្ទេច ជណ្តើរនៅឈរ

រំកិលខុសបច្ចេកទេស ផ្ទះរលំខ្ទេច ជណ្តើរនៅឈរ

ខេត្តកំពង់ចាម ៖ ផ្ទះសង់អំពីឈើដំបូលប្រក់ក្បឿងចំនួន១ខ្នងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន បានដួលរលំបាក់រាបដល់ដី ខណៈដែលក្រុមជាងបានរំកិលផ្ទះមួយខ្នងនេះថយក្រោយបានបន្តិច ប៉ុន្តែពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភមិព្រែករំចេកកើត ឃុំពង្រ ស្រុកកោះសូទិន។

លោកយិន វណ្ណៈ អភិបាលស្រុកកោះសូទិន បានបញ្ជាក់ប្រាប់ថា ករណីរលំផ្ទះខាងលើបានកើតឡើងនៅភូមិព្រែករំចេកកើត ឃុំពង្រ ស្រុកកោះសូទិន ដែលផ្ទះនេះ គឺជាផ្ទះចាស់សង់ពីឈើ និងមានដំបូលប្រក់ក្បឿង ទំហំទទឹង៨ម៉ែត្រគុណនឹង៩ម៉ែត្រ ជាកម្មសិទ្ធិរបស់គ្រួសារស្ត្រី ឈ្មោះវ៉េង សុវ៉ាន អាយុ៥៣ឆ្នាំ។

លោកអភិបាលស្រុក បានបញ្ជាក់ថា  តាមការអះអាងរបស់ស្ត្រីជាម្ចាស់ផ្ទះ បានឱ្យដឹងថា ការដួលរលំនេះផ្ទះបានកើតឡើងបន្ទាប់ពីគាត់ (ម្ចាស់ផ្ទះ) បានជួលក្រុមជាងជំនាញខាងរុញរំកិលផ្ទះរបស់គាត់ពីខាងមុខទៅកាន់ដីទំនេរផ្នែកខាងក្រោយ ដើម្បីទុកដី ជាបរិវេណឱ្យទូលាយនៅ ខាងមុខផ្ទះវិញ។

ប៉ុន្តែគ្រាន់តែរំកិលផ្ទះទើបតែបានប្រមាណ១ទៅ២ម៉ែត្រពីទីតាំងចាស់ ទំនងជាខុសបច្ចេកទេស ក៏ស្រាប់តែរអិលបណ្តាលឱ្យដួល រលំបាក់បែកធ្លាក់ផ្ទះរាបដល់ដីតែម្តង តែសំណាងល្អមិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។

លោកអភិបាលស្រុក បានបន្ថែមថា បញ្ហាខាងលើនេះគឺជាការទទួលខុសត្រូវរបស់ខាងក្រុមជាងរំកិលផ្ទះ ដោយខាងនគរបាលបានចុះទៅ ពិនិត្យ និងជួយរុះរើយកឈើដែលនៅអាចប្រើការបាន ដើម្បីសាងសង់ម្ចាស់ផ្ទះឡើងវិញ៕

RELATED ARTICLES