ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់បានកើតមានអាការឈឺចុកក្នុងដើមទ្រូង ក៏ត្រូវក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅផ្ទះគ្រូពេទ្យប្រចាំភូមិម្នាក់ លុះទៅដល់គ្រូពេទ្យក៏បានចាក់ថ្នាំឱ្យអ្នកជំងឺចំនួន៤ម្ជុល ស្រាប់តែចាក់ថ្នាំរួចបានប្រមាណ១០នាទី អ្នកជំងឺក៏កើតអាការស្លេស្មវ៉ៃឡើង រួចត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេច។ ទីបំផុត គ្រូពេទ្យត្បាញអាយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅចាត់ការតាមច្បាប់។
ហេតុការណ៍គ្រូពេទ្យភូមិចាក់ថ្នាំបណ្តាលឱ្យអ្នកជំងឺស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ។

ជនរងគ្រោះដែលត្រូវគ្រូពេទ្យចាក់ថ្នាំបណ្តាលឱ្យស្លាប់ មានឈ្មោះគាត ម៉ៅ ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន។
ចំណែកគ្រូពេទ្យត្បាញអាយដែលព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ឈ្មោះឈុំ វណ្ណី អាយុជាង៥០ឆ្នាំ មុខបរគ្រូពេទ្យភូមិ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះគាត ម៉ៅ មានស្រុកកំណើតនៅឯភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន តែសព្វថ្ងៃជនរងគ្រោះបានចេញពីភូមិមកស្នាក់នៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ក្នុងគោលបំណងធ្វើចម្ការ។

នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ បានកើតមានអាការចុកដើមទ្រូង ទើបក្រុមគ្រួសារសម្រេចបញ្ជូនមកព្យាបាលនៅផ្ទះគ្រូពេទ្យឈ្មោះឈុំ វណ្ណី។
ពេលមកដល់ គ្រូពេទ្យបានសម្រេចទទួលពិនិត្យព្យាបាល ដោយបានចាក់ថ្នាំឱ្យជនរងគ្រោះចំនួន៤ម្ជុល ស្រាប់តែចាក់ថ្នាំបានរយៈពេលប្រមាណជា១០នាទី ជនរងគ្រោះក៏ធ្វើទុក្ខក្នុងខ្លួនដោយឡើងស្លេស្មពេញបំពង់ក បន្ទាប់មកក៏ដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេចតែម្តង។ លុះមកដល់វេលាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រឿងរ៉ាវក៏បែកធ្លាយដឹងដល់សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនគ្រូពេទ្យឈុំ វណ្ណី តែម្តង។

លោកវរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងទទួលបន្ទុកការងារនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ថា ការស្លាប់របស់ជនរងគ្រោះឈ្មោះគាត ម៉ៅ បណ្តាលមកពីគ្រូពេទ្យទទួលព្យាបាលគ្មានច្បាប់អនុញ្ញាតឱ្យព្យាបាលជម្ងឺពីក្រសួងសុខាភិបាល និងគ្មានសញ្ញាប័ត្រពេទ្យត្រឹមត្រូវក្នុងការព្យាបាល ទើបបណ្តាលឱ្យជនរងគ្រោះស្លាប់បែបនេះ។
លោកស្នងការរងបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រូពេទ្យព្យាបាលដោយចាក់ថ្នាំបណ្តាលឱ្យស្លាប់ដោយអចេតនាប្រាកដមែន។

គ្រូពេទ្យដែលចាក់ថ្នាំបណ្តាលឱ្យអ្នកជំងឺស្លាប់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។
ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕