Monday, November 24, 2025
Homeព័ត៌មានជាតិឆេះផ្ទះ៣ខ្នង អ្នកភូមិចាប់ជនទើបចេញពីគុក ឲ្យសមត្ថកិច្ច

ឆេះផ្ទះ៣ខ្នង អ្នកភូមិចាប់ជនទើបចេញពីគុក ឲ្យសមត្ថកិច្ច

ខេត្តកំពង់ចាម ៖ អតីតទណ្ឌិតទើបនឹងត្រូវបានដោះលែងចេញពីពន្ធនាគារថ្មីៗ សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏ធ្វើសកម្មភាពដុតផ្ទះប្រជាពលរដ្ឋក្នុងភូមិ បណ្តាលឱ្យឆាបឆេះរាលដាលអស់ចំនួន៣ខ្នង ទីបំផុតក៏ត្រូវអ្នកភូមិព័ទ្ធចាប់ប្រគល់ទៅឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ប្រាប់ឱ្យដឹងថា ជនសង្ស័យដែលដុតផ្ទះប្រជាពលរដ្ឋក្នុងភូមិ បណ្តាលឱ្យឆាបឆេះអស់៣ខ្នង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ីន ដែត ភេទប្រុស អាយុ៣១ឆ្នាំ ជាមុខសញ្ញាទើបនឹងដោះលែងពីពន្ធនាគារក្នុងករណីហិង្សាមានស្ថានទម្ងន់ទោស និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកម្ចាស់ផ្ទះរងគ្រោះ រួមមាន ៖

ទី១-ឈ្មោះនៅ ឡង់ឌី ភេទប្រុស អាយុ៥៦ឆ្នាំ ជាម្ចាស់ផ្ទះទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ឆេះខូចខាតទាំងស្រុង។

ទី២- ឈ្មោះសុខ ផៃ ភេទស្រី អាយុ៦៦ឆ្នាំ ជាម្ចាស់ផ្ទះទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រង សង់ពីឈើ ប្រក់ស័ង្កសីឆេះអស់ទាំងស្រុង សម្ភារខូចខាតទូបេង១ សម្លៀកបំពាក់ក្នុងទូមួយចំនួន។

និង ទី៣-ឈ្មោះលីម សុខលីន ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង។

លោកអធិការបានឱ្យដឹងថា នៅពេលកើតហេតុ សមត្ថកិច្ចបានចេញទៅអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥ឡាន គឺរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន៣ឡាន ស្រុកចំការលើ១ឡាន និងចម្ការកៅស៊ូបឹងកេត១ឡាន។

លោកអធិការបានបន្តថា បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ បានចុះទៅដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវស៊ើបអង្កេត ហើយកំណត់បានជនសង្ស័យម្នាក់ជាអ្នកដុត មានឈ្មោះស៊ីន ដែត ជាមុខសញ្ញាដោះលែងពីពន្ធនាគារក្នុងករណីហិង្សាមានស្ថានទម្ងន់ទោស។

ហើយពេលនោះ កម្លាំងសមត្ថកិច្ចសង្ស័យបែកថ្នាំដុតផ្ទះ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ិន ដែត បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ នឹងរុញបញ្ជូលទៅក្នុងគុកវិញ…៕

RELATED ARTICLES