ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅក្នុងផ្សារអូរប្ញស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា មានករណីស្ត្រីម្នាក់លួចលូកយកកាបូបលុយគេ ខណៈដើរផ្សារទិញអីវ៉ាន់ឃើញកាបូបគេចំហ តែត្រូវម្ចាស់ចាប់បានប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះគឹម ចាន់ទីន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ចំណែកជនរងគ្រោះឈ្មោះសោម លក្ម្សី ភេទស្រី ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤ជ ផ្លូវលេខ១១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ សម្ភារបាត់បង់ រួមមានកូនកាបូបលុយចំនួន១ និងប្រាក់ចំនួន២០០ដុល្លារ។
សមត្ថកិច្ចដដែលឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចេញពីផ្ទះមិត្តភក្តិនៅម្តុំខាងក្រោយថ្មដា មកផ្សារអូរឫស្សី ដើម្បីរកទិញអីវ៉ាន់សែនដកជើងធូប។ ពេលមកដល់ក្នុងផ្សារ ជនសង្ស័យដើរមើលដល់ច្រកទី១១ ឃើញជនរងគ្រោះកំពុងរកទិញអីវ៉ាន់ ហើយស្ពាយកាបូបចំហរ៉ូតខាងក្រោយខ្នង ជនសង្ស័យក៏ធ្វើសកម្មភាពលូកលួចយកកាបូបដាក់លុយនៅក្នុងកាបូបស្ពាយ។

ភ្លាមនោះ ជនរងគ្រោះដឹងទាន់ក៏ចាប់កអាវជនសង្ស័យជាប់នាំមកដល់ផ្លូវ១៨២ ជួបនឹងកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី១ ក៏ឃាត់ខ្លួននាំយកទៅសាកសួរ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕