បន្ទាប់ពីមានការរិះគន់ខ្លាំងៗទៅលើកម្លាំងសមត្ថកិច្ចម្នាក់ដែលបានឆែកឆេរលើបុរសម្នាក់ រួចបានទម្លាក់របស់សមួយ ដែលគេសង្ស័យថាជាថ្នាំញៀននោះ នៅពេលនេះ សមត្ថកិច្ចបានបញ្ជាក់ច្បាស់ៗថា មិនដូចអ្វីដែលមហាជនបានសង្ស័យនោះទេ គឺសមត្ថកិច្ចបានទម្លាក់ដែកកេះពណ៌សចូលក្នុងហៅប៉ៅបុរសនោះតែប៉ុណ្ណោះ។

យោងតាមទំព័រហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា “សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វើការបញ្ជាក់ជូនសាធារណ:ជនថា រូបភាពព៌ណសតូចនោះ មិនមែនជាគ្រឿងញៀននោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែលមានពណ៌ស។

ប្រភពដដែលបានបន្តថា “ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនសង្ស័យ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានសង្ស័យ នៅពេលនោះកម្លាំងអន្តរាគមន៍ខណ្ឌ បានដេញចាប់បានរួចធ្វើការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោមដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន”។

ប្រភពបន្ថែមថា “Account and Page មួយចំនួនបានយកព័ត៌នេះមកចុះផ្សាយខុសពីការពិត និងមានលក្ខណ:បំផុសបំផុល ញុះញង់អោយមានការស្អប់មកលើកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយ:ចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌ ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រ និងសរសើរពីសំណាក់ប្រជាពលរដ្ឋ”។

យ៉ាងណា ក៏មានមហាជនមួយចំនួនក៏បានអះអាងដូចទៅនឹងសមត្ថកិច្ចដែរថា របស់សដែលសមត្ថកិច្ចបានទម្លាក់ចូលហៅប៉ៅរបស់បុរសខាងលើនោះ ពិទជាដែកកេះប្រាដកមែន គឺមិនមែនដូចអ្វីដែលមហាជនកំពុងសងស្៧យថាជាថ្នាំញៀននោះទេ៕