កាលពីថ្ងៃទី27 និងថ្ងៃទី28 ខែធ្នូ ឆ្នាំ2019 ក្រុមហ៊ុន RMA ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាពនិងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life” នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។

កម្ពុជាជាប្រទេសទី40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាពនិងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life” នេះជាលើកទី3 ហើយដែលក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មវិធីនេះឡើងដោយក្នុងឆ្នាំនេះមានអ្នកចូលរួមជាង២០០នាក់ រួមមានមន្ត្រីរាជការពីសាលាខេត្តកំពង់ឆ្នាំង មន្ទីរសាធារណការនិងដឹកជញ្ជូន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គភាពនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង អ្នកបើកបររថយន្តដឹកទំនិញធំៗពីក្រុមហ៊ុនឯកជន រួមទាំងអតិថិជន Ford បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះ ដោយឥតគិតថ្លៃ។

គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បី ១. បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ ២.បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត ៣.ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។

នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពីសាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (អ្នកបច្ចេកទេស និងអ្នកជំនាញក្នុងការបើកបរជាង20ឆ្នាំ) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និងការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ។

លោកមីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា ”ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ។ ហេតុនេះហើយចំណេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា”។

លោកមីលី ហ្គុដមែន បន្ថែមថា “តាមរយៈវគ្គបណ្តុះបណ្តាលនេះ ខ្ញុំសង្ឃឹមថាអតិថិជន Ford ក៏ដូចជាសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេ នឹងទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាព ព្រមទាំងការអនុវត្តការបើកបរជាក់ស្តែងពីសំណាក់ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Ford និង RMA Cambodia ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាយើង”៕





