ភ្នំពេញ ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិល (ពាក់អាវយឺតកងកម្លាំងពីក្នុង) បានអះអាងថាខ្លួនជាសមត្ថកិច្ចខាងពន្លត់អគ្គិភ័យ តែបែរជាព្យាយាមចង់វាយខ្នោះយុវជនម្នាក់ ដោយចោទប្រកាន់ថា យុវជនរូបនោះមានលាក់ទុកថ្នាំញៀនបង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវបឹងកក់ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបុរសដែលអួតខ្លួនថាជាប៉ូលិសអគ្គិភ័យរូបនោះ នាំយកទៅសួរ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវR6 ត្រង់ចំណុចតំបន់បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ឈ្មោះនី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ បានដើរតែម្នាក់ឯងមកពីម្តុំក្តាន់ពីរ រហូតដល់ចូលក្នុងតំបន់បឹងកក់ ផ្លូវR6។

លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏លេចមុខបុរសមិនស្គាល់អត្តសញ្ញាណខាងលើ ពាក់អាវស៊ីវិល (ពាក់អាវយឺតកងកម្លាំងពីក្នុង) ជិះម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បានធ្វើដំណើរមកដល់ រួចស្រែកឱ្យយុវជនរូបនោះឈប់និងថែមទាំងព្យាយាមចង់វាយខ្នោះយុវជនរូបនោះទៀតផង ដោយអួតអាងថាខ្លួនជាប៉ូលិសខាងអគ្គិភ័យ។

មិនតែប៉ុណ្ណោះថែមទាំងបានចោទប្រកាន់ទៅលើយុវជនខាងលើថា មានថ្នាំញៀនបោះចោលតាមផ្លូវ ទើបបង្កឱ្យមានការប្រកែកគ្នាផ្អើលដល់អ្នកដំណើរឈប់ចោមរោមមើល និងសង្ស័យថាជាជនឆបោកបន្លំខ្លួនជាប៉ូលិសដើរកៀបស៊ីគេពេលយប់ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក ឱ្យចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានចុះមកដល់ក៏ត្រូវជនស៊ីវិលរូបនោះអះអាងថា ខ្លួនជាប៉ូលិសខាងអគ្គិភ័យ តែដោយមិនមានអត្តសញ្ញាណបញ្ជាក់ត្រឹមត្រូវ ទើបសមត្ថកិច្ចបាននាំខ្លួនយកទៅសាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីចាត់ការទៅតាមនិតិវិធី៕

