ភ្នំពេញ ៖ ទីតាំងអ៊ីនធឺរណេត២៤ម៉ោងជាច្រើនកន្លែង ដែលមានរូបសេះជាសញ្ញាសម្គាល់ បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអណឡាញ បានបើកលេងយ៉ាងរលូនជាយូរឆ្នាំមកហើយ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបម្តងណាឡើយ។
ដោយមើលឃើញភាពអសកម្ម និងបទល្មើសកើតឡើងជាញឹកញាប់ ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការដែលទើបនឹងឡើងកាន់តំណែងថ្មី សូមមេត្តាចុះពិនិត្យមើលទីតាំងណេត២៤ម៉ោង មានបង្កប់ល្បែងស៊ីសងទាំងនេះផង ដើម្បីផ្តល់ភាពកក់ក្តៅដល់ពួកគាត់ផង។

គួររំលឹកថា លោកឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅបានដាក់ចេញជាវិធានការក្តៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅប្រកបដោយភាពកក់ក្តៅនិងសុខសាន្ត ខណៈដែលប្រទេសជាតិមានសន្តិភាពពេញលេញ។
ការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែមកដល់ពេលនេះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានដដែល ៕