បន្ទាយមានជ័យ ៖ ជារឿងមួយដ៏អស់សំណើច ខណៈដែលបុរសម្នាក់បានចូលរួមផឹកស៊ីជាមយយមិត្តភក្តិ២នាក់ទៀត លុះពេលស្រវឹងខ្លាំងនិងណាមួយជិតទៀបភ្លឺទៅហើយនោះ មិត្តភក្តិរបស់គេទាំង២នាក់បានគេចខ្លួនបានស្រមោល សល់តែជនរងគ្រោះនៅម្នាក់ឯង លុះពេលម្ចាស់ហាងគិតលុយ បុរសរូបនេះបានឆ្លើយថា ស្គាល់លោកស្នងការអាត់ ខែម ធ្វើឲ្យម្ចាស់ហាងរាយការណ៍កមកកាន់នគរបាល នាំខ្លួនទៅជួបលោកអាត់ ខែម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។ ចំណែកបុរសដែលផឹកស៊ីមិនមានលុយឲ្យគេនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមទំព័គណនីហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា “យុទ្ធជននេះគាត់ចូលហាងស៊ីផឹកគ្នាបីនាក់ យប់ជ្រៅម៉ោង2ហើយ អ្នកមកជាមួយគេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម”។

ប្រភពដដែលបានបន្ថែមថា “ម្ចាស់ហាងរាយការណ៍មកលោកស្នងការទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំតាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើងជួបលោកស្នងការ លោកស្នងការសួរ គាត់ថាលឺឈ្មោះអ៊ំ ចេះថាទៅខ្លាចគេវាយ ។ (ព្រឹកនេះ លោកស្នងការជូនចំនួន200,000 រៀលឲ្យទៅសងម្ចាស់ហាងគេ )”៕