Monday, November 24, 2025
Homeព័ត៌មានជាតិសំបុកឆ្នោតវៀតណាមក្រោយផ្សារជម្ពូវ័ន បើកលេងគគ្រឹកគគ្រេង

សំបុកឆ្នោតវៀតណាមក្រោយផ្សារជម្ពូវ័ន បើកលេងគគ្រឹកគគ្រេង

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមខុសច្បាប់ដ៏ធំមួយមួយកន្លែង ស្ថិតនៅខាងក្រោយផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិ ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកលេងយ៉ាងរលូនដោយមិនទាន់ឃើញមានសមត្ថកិច្ចចុះបង្ក្រាបនៅឡើយ ទំនងជាចង់សាកស្នាដៃលោកអធិការនគរបាលខណ្ឌពោធិ៍ដែលទើបនឹងឡើងកាន់តំណែងថ្មី ថាតើហ៊ានបង្ក្រាបទាក់ទាញចិត្តពលរដ្ឋឬទេ?

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានបង្ហើបប្រាប់ថា ទីតាំងកត់ឆ្នោតវៀតណាមខាងលើនេះត្រូវបានគេមើលឃើញថា មានក្រុមអ្នកចាំអង្គុយកត់កន្ទុយលេខវៀតណាម ដោយបើកចំហមិនញញើតកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិច ដោយសង្ស័យថា មានអ្នកធំនៅក្រោយខ្នង ទើបអាជ្ញាធរមិនហ៊ានទៅក្បែរបែបនេះ ធ្វើឱ្យប្រាស់ចាកពីគោលនយោបាយរាជរដ្ឋាពិបាលភូមិឃុំមានសុវត្ថិភាព។

គួរបញ្ជាក់ថា ថ្មីៗនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលដឹកនាំប្រជុំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងតឹងរឹងឱ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ។ តែបែរជាទីតាំងខាងលើនេះ ហ៊ានបើកលេងយ៉ាងចំហរ ផ្គើននឹងបទបញ្ជារបស់លោកប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បែបនេះទៅវិញ។

ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា ទីតាំងឆ្នោតវៀតណាមខាងលើនេះទំនងជាចង់សាកស្នាដៃលោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបនឹងឡើងកាន់តំណែងថ្មី ថាតើលោកអធិការថ្មីនេះហ៊ានបង្ក្រាបសំបុកល្បែងក្នុងទឹកដីរបស់ខ្លួនដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋដែរឬទេ?

យ៉ាងណាក្តី “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាននៅឡើយ កាលពីម្សិលមិញ៕

RELATED ARTICLES