Monday, November 24, 2025
Homeព័ត៌មានជាតិមកពីជូនបងស្រីមិត្តភក្តិទៅផ្ទះ... ត្រឹមពាក់កណ្តាលផ្លូវបានត្រឹមទឹកភ្នែក

មកពីជូនបងស្រីមិត្តភក្តិទៅផ្ទះ… ត្រឹមពាក់កណ្តាលផ្លូវបានត្រឹមទឹកភ្នែក

ភ្នំពេញ ៖ យុវជន២នាក់ទើបនឹងត្រឡប់មកពីដើរលេងជូនបងស្រីមិត្តភក្តិទៅផ្ទះ រួចជិះម៉ូតូដឹកគ្នាមកកន្លែងស្នាក់នៅវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុមជិះម៉ូតូប្រដេញតាមកាប់ រួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីដេញកាប់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅចំណុចទល់មុខនឹងស្តុបទួលពង្រ តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះមុំ ម៉េងអៀន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើការកាស៊ីណូ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិដំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មុំ។

រីឯម៉ូតូដែលត្រូវចោរប្លន់យកទៅ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-8082។

តាមសម្តីយុវជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេនិងមិត្តបានឌុបបងប្អូនស្រីមិត្តភក្តិ២នាក់មកពីដើរលេងនៅម្តុំមុខព្រះបរមរាជវាំង ហើយក៏ជូនបងស្រីមិត្តភក្តិ២នាក់ខាងលើ ទៅផ្ទះជួលនៅម្តុំភូមិអូរដឹម តាមផ្លូវជាតិលេខ៤។ បន្ទាប់មកពួកខ្លួនទាំង២នាក់ក៏បានជិះម៉ូតូឌុបគ្នាមកផ្ទះខ្លួនឯង វិញនៅម្តុំផ្សារស្ទឹងមានជ័យ។

យុវជនរងគ្រោះបន្តថា លុះធ្វើដំណើរមកតាមបណ្តោយផ្លូវចោមចៅ នៅចំណុចស្តុបទួលពង្រ ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ (មិនចាំស៊េរី និងស្លាកលេខ) ចំនួន២គ្រឿង បានធ្វើសកម្មភាពតាមធាក់ផ្តួលម៉ូតូពួកគេជាជនរងគ្រោះ បណ្តាលឱ្យដួល។

រួចហើយជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ បានយកកាំបិតប៉័ងតោមកដេញកាប់ពួកខ្លួនថែមទៀត ជាហេតុធ្វើឱ្យពួកខ្លួនភ័យពេក ក៏នាំគ្នារត់ចេញពីម៉ូតូ។ ស្របពេលនោះជនសង្ស័យម្នាក់ទៀតក្នុងចំណោមនោះក៏បានមកលើកយកម៉ូតូរបស់ខ្លួន ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់តែម្តង។

ខណៈពេលភ្លាមៗ ជនរងគ្រោះត្រូវបានអ្នករត់ម៉ូតូឌុបបានដឹកជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ហើយបន្ទាប់មកសមត្ថកិច្ចបានសួរនាំ ដោយដឹងថាចំណុចកើតហេតុ មិនមែនប៉ុស្តិ៍ចោមចៅ៣ សមត្ថកិច្ចក៏បានឱ្យជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍ចោមចៅ១ វិញ៕

RELATED ARTICLES