ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់បានសុំឪពុកម្តាយទៅលេងភ្នំបាសិតនៅថ្ងៃឆ្លងឆ្នាំថ្មី រួចក៏ចេញទៅបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញសោះ លុះក្រុមគ្រួសារព្យាយាមទូរស័ព្ទទៅសួរនាំ បែរជាគ្មានអ្នកទទួល ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង ទើបសម្រេចកាន់រូបថតប្រកាសរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ,
យុវតីរូបស្រស់ដែលបាត់ខ្លួនចំថ្ងៃឆ្លងឆ្នាំថ្មីនេះ មានឈ្មោះជឿន ចន្ទចិន្តា អាយុ២១ឆ្នាំ (ឆ្នាំកំណើត២០០១) មានលំនៅក្នុងភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ។
តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កូនស្រីរូបនេះបានសុំពួកគាត់ជាឪពុកម្តាយ ថាទៅលេងនៅភ្នំបាសិតជាមួយមិត្តភក្តិ លុះក្រោយពីទទួលបានការអនុញ្ញាតពីពួកគាត់ កូនស្រីក៏ចាកចេញពីផ្ទះទៅបាត់ទៅ។
រហូតមកដល់ល្ងាចថ្ងៃដដែលនៅមិនទាន់ឃើញកូនស្រីវិលត្រឡប់មកផ្ទះវិញ ទើបពួកគាត់បានទាក់ទងទូរស័ព្ទទៅសួរនាំ តែពេលទូរស័ព្ទចូលបែរជាគ្មានអ្នកទទួលទៅវិញ ទើបធ្វើឱ្យក្រុមគ្រួសារកើតមានការផ្អើលឆោឡោចែកផ្លូវគ្នាតាមរកកូនស្រីសព្វកន្លែងដែរ តែរកមិនឃើញសោះមិនដឹងថា កូនស្រីបាត់ទៅណា។

បន្ទាប់ពីព្យាយាមតាមស្វែងរកកូនស្រី ប៉ុន្តែមិនទទួលបានតម្រុយអ្វីសោះបែបនេះ ធ្វើឱ្យអាណាព្យាបាលយុវតីខាងលើបានសម្តែងនូវអារម្មណ៍ភ័យព្រួយពីសុវត្ថិភាពកូណស្រីយ៉ាងខ្លាំង មិនដឹងកូនស្រីជួបគ្រោះថ្នាក់ដោយប្រការណាមួយ ឬត្រូវមនុស្សមិនល្អនាំយកទៅធ្វើបាប។
ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមមេត្តាជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារគាត់ តាមរយៈទូរសព្ទ័លេខ ០១៦ ៤៥ ១៨ ១១ និង០៦៨ ៧៣ ៤៨ ១៨ ដោយក្តីអនុគ្រោះ៕