Monday, November 24, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានសន្តិភាព គ្មានអ្វីទាំងអស់

នាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានសន្តិភាព គ្មានអ្វីទាំងអស់

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឱកាសនៃការចូលរួមអបអរសាទរនិងកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំ ដូចជាបុណ្យឆ្លងឆ្នាំចាស់ ២០១៩ ផ្លាស់ចូលឆ្នាំថ្មី ២០២០ នេះជាដើម គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ព្រោះបើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ ដូច្នេះសម្តេចសូមអរគុណសន្តិភាព អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសយើង។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ថា “សួស្តីឆ្នាំថ្មី២០២០! បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេសបានចូលរួមឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំ សកលថ្មី២០២០ កាលពីយប់មិញ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងនិងក្រៅប្រទេស។

ឱកាសនៃការចូលរួមអបអរសាទរ និងកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។

អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសជាតិយើង។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់ទាំងអស់ នៅក្នុងឆ្នាំថ្មី២០២០នេះ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ ជាមួយនឹងពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។  ( អរគុណសន្តិភាព)”។

ដោយឡែក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ចេញសារជូនពរជនរួមជាតិក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២០ ដោយសម្តេចបានសង្កត់ធ្ងន់ថា ប្រទេសមានសុខសន្តិភាព គឺផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយឆ្ងាយជិត ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេស នៅក្នុងថ្ងៃចូលឆ្នាំថ្មី ដោយគ្មានការបារម្ភភ័យព្រួយអ្វីឡើយ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅពេលនោះថា “សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? យប់ថ្ងៃទី៣១ ធ្នូ នេះ ជាយប់ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២០។ ពិតណាស់ គឺមានបងប្អូនមួយចំនួនបានធ្វើដំណើរកម្សាន្ត តាំងពីថ្ងៃទី២៥ ធ្នូ មកម៉្លេះ។

ប្រទេសមានសុខសន្តិភាព គឺផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗធ្វើដំណើរកម្សាន្តសប្បាយឆ្ងាយជិតទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសនៅក្នុងថ្ងៃចូលឆ្នាំថ្មី ដោយគ្មានការបារម្ភភ័យព្រួយអ្វីឡើយ។

ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សំណាងល្អ មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារ នៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០២០ យប់នេះទាំងអស់គ្នា”។

ជាមួយនេះ នៅរសៀលថ្ងៃដដែលនោះ សម្តេចហ៊ុន សែន បានសរសេរបន្ថែមថា “កាលពីថ្ងៃត្រង់ កូនទាំង១០នាក់ ចៅ១៨នាក់ មកជូនពរឪពុកនិងជីតា សម្រាប់ដាច់ឆ្នាំសកល។ កូនៗខ្ញុំឆ្លាត គេប្រមូលបងប្អូននិងកូនៗរបស់គេ មកជូនពរខ្ញុំជាមនុស្សចាស់នៅពេលថ្ងៃ ដល់ពេលយប់ ជាកម្មវិធីរបស់ពួកគេជាក្មេងៗម្តង។ (អរគុណសន្តិភាព)”៕

RELATED ARTICLES