តារាចម្រៀងសំនៀងស្រទន់ ធា រ៉ានី បានឱ្យដឹងថា នៅរដូវក្តៅនេះនាងបានចេញច្រៀងកម្មវិធីជាហូរហែ ដែលធ្វើឱ្យមានភាពរវល់គួរសមជាមួយអាជីពចម្រៀងដែលបានតស៊ូជាច្រើនឆ្នាំមកហើយនេះ។

ដោយឡែក សម្រាប់ដើមឆ្នាំ២០២០ និងមុនចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ នាងក៏បានត្រៀមចេញបទចម្រៀងថ្មីៗថែមទៀតដែរ តាមរយៈការចំណាយលុយធ្វើដោយខ្លួនឯងចេញនៅលើយូធូប។

តារាចម្រៀងដែលមានស្រុកកំណើតមកពីខេត្តស្វាយរៀង ដូចGjnkនាងសួស វីសា និងរ័ត្ន រចនា ដែរនោះ អះអាងថា នាងនៅតែពេញចិត្តនិងស្រលាញ់អាជីពចម្រៀង បើទោះជាមុននេះ នាងត្រូវចាញ់បោកអ្នកនិពន្ធម្នាក់ទាក់ទងការឱ្យលុយរួចហើយ មិនឃើញសរសេរបទចម្រៀងឱ្យតាមការសន្យាក្តី ប៉ុន្តែនាងនៅតែធ្វើបទថ្មីៗថែមទៀសម្រាប់ចេញនៅឆ្នាំក្រោយនេះ។

ធា រ៉ានី ល្បីបទ “អូនដឹង” ដែលបទមួយនេះគ្រាន់តែចេញជា Audio មានអ្នកចូលទស្សនាជាច្រើនលាននាក់នៅលើយូធូប ខណៈពេលថត MV ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរជាមួយតារាសម្តែងស៊ីណា វ៉ាត់ត្រា។

ក្រៅពីចំណាយថវិកាផលិតបទចម្រៀងផ្ទាល់ខ្លួនឯងនោះ កញ្ញារ៉ានី ក៏ជាតារាចម្រៀងនៅភោជនីយដ្ឋានហេភី ផាលេស ផងដែរ ដែលច្រៀងក្នុងក្រុមជាមួយតារាចម្រៀងសាន ផានិត, ងូត សិសា, ពេជ្រ ពន្លឺ, វណ្ណា ស័ក្ក និងវង្ស តារារតនា ជាដើម។

រ៉ានី ថា អាជីពចម្រៀងជាការងារមួយដែលនាងស្រលាញ់ ហើយទោះជាថ្ងៃមុខនាងមានមុខរបរផ្សេង ក៏មិនចោលអាជីពចាស់នេះដែរ ព្រោះបានតស៊ូជាច្រើនឆ្នាំមកហើយ។

ធា រ៉ានី ថា ទោះជាពេលនេះនាងមិនទាន់មានផលិតកម្មជ្រកកោន ក្រោយការចាកចេញពីផលិតកម្មមួយមែន ប៉ុន្តែនៅពេលខាងមុខ នាងនឹងចូលផលិតកម្មណាមួយដែលមានលក្ខខណ្ឌល្អជាមួយនាង ខណៈដែលកន្លងមកមានផលិតកម្មខ្លះបានទាក់ទងដែរ តែនាងមិនទាន់ចូល ព្រោះចង់ធ្វើបទចម្រៀងដោយខ្លួនឯងសិន។

ដោយឡែក ទាក់ទងរឿងគូស្នេហ៍វិញ តារាចម្រៀងសាច់សខ្ចីរូបនេះមិនដែលលាតត្រដាងពីម្ចាស់ចិត្តឡើយ ដោយនាងថា សង្ឃឹមឆ្នាំថ្មី២០២០ ខាងមុខនេះ នឹងធ្វើឱ្យនាងមានមុខកាន់តែច្រើនតាមរយៈការច្រៀងសម្តែងតាមបណ្តាកម្មវិធីផ្សេងៗ៕