Monday, November 24, 2025
Homeព័ត៌មានជាតិនៅក្មេងសោះ ម្តេចមានគំនិតកិបកេងលុយគេច្រើនដល់ថ្នាក់នេះ?

នៅក្មេងសោះ ម្តេចមានគំនិតកិបកេងលុយគេច្រើនដល់ថ្នាក់នេះ?

ភ្នំពេញ ៖ នារីវ័យក្មេងជាបុគ្គលិកហាងនំអប្សរាម្នាក់ត្រូវបានមេការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភទំនុកចិត្ត កឹបកេងប្រាក់ក្រុមហ៊ុនប្រមាណជាង៥ពាន់ដុល្លារ។

ការឃាត់ខ្លួនបុគ្គលិកស្រីដែលស៊ីដាច់លុយក្រុមហ៊ុនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខ១៤៦E0 ផ្លូវ១៨២ ភូមិ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះគ្រៀល ឃុនណារី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកហាងនំអប្សរា ស្នាក់នៅបណ្តោះអាសន្នផ្ទះលេខ146EO ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ចំណែកជនរងគ្រោះជាតំណាងដើមបណ្តឹង មានឈ្មោះ គីម ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមេការក្រុមហ៊ុន KSLM ស្នាក់នៅផ្ទះលេខ57E3 ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។ សម្ភារបាត់បង់ប្រាក់ដុល្លារចំនួន៥៨១២ដុល្លារ។

តាមប្រភពពីមន្ត្រីនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ជនសង្ស័យបានចូលធ្វើការនៅហាងនំអប្សរា តាំងពីឆ្នាំ២០១៤ ពេលនោះក្រុមហ៊ុនបានប្រគល់ភារកិច្ចឱ្យធ្វើជាអ្នកលក់នំ និងជាអ្នកប្រមូលប្រាក់ពីអតិថិជន។

លុះដល់ដើមឆ្នាំ២០១៧ ជនសង្ស័យបានធ្វើសកម្មភាពកឹបកេងប្រាក់ក្រុមហ៊ុន ដោយជនសង្ស័យជាអ្នកទៅបើកប្រាក់ពីបណ្តាអតិថិជនដែលបានវេរប្រាក់មកពីបណ្តាខេត្តផ្សេងៗ។ លុះដល់វេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបាននាំខ្លួនជនសង្ស័យមកប្រគល់ឱ្យនគរបាលប៉ុស្តិបឹងព្រលិត ចាត់ការតាមច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

RELATED ARTICLES