ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ តាមដីកាបង្គាប់របស់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីឆបោក។
ជនត្រូវចោទដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលាង សុលេង ហៅលាំង សុខលេង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅចំណុចតាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចរបស់លោកបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន មួយច្បាប់លេខ៩៥ត.ព ១៩ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយលោកគួច ចន្ថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តព្រះសីហនុ ដែលបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះលាង សុលេង ហៅលាំង សុខលេង ពីបទឆបោក ប្រព្រឹត្តនៅចំណុចតាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នមុខសញ្ញាបញ្ជូនទៅការិយាល័យជំនាញ ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕