Monday, November 24, 2025
Homeព័ត៌មានជាតិនៅតែប្រើល្បិចចាស់គំរិល... នារីរោងចក្រម្នាក់អស់ពីខ្លួនរលីង

នៅតែប្រើល្បិចចាស់គំរិល… នារីរោងចក្រម្នាក់អស់ពីខ្លួនរលីង

ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រម្នាក់ទើបនឹងចេញពីធ្វើការ ឈៀងចូលផ្សាររកទិញស្បែកជើង ស្រាប់តែត្រូវជនសង្ស័យ១ក្រុម (ក្រុមទម្លាក់យោង) បានប្រើល្បិចធ្វើជារើសបានកញ្ចប់មាស រួចក៏បបួលទៅកន្លែងស្ងាត់ចែកគ្នា លុះនារីរងគ្រោះចង់បានលាភនឹងគេដែរ ក៏ព្រមទៅតាម ទីបំផុតក៏ត្រូវក្រុមជនសង្ស័យល្បួងដោះយកគ្រឿងអលង្ការ លុយកាក់ ទូរស័ព្ទអស់ពីខ្លួនគិតជាទឹកប្រាក់ប្រមាណ១ពាន់ដុល្លារ។

ករណីនារីរោងចក្រចាញ់ល្បិចក្រុមទម្លាក់យោងនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះខាងលើមានឈ្មោះស្រីពៅ អាយុ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកសម្ភារដែលបាត់បង់ រួមមាន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទដៃ សរុបជាង១ពាន់ដុល្លារ។

តាមសម្តីរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងទើបនឹងចេញពីធ្វើការរោងចក្រ រួចក៏ឆ្លៀតចូលទៅរកទិញស្បែកជើងនៅផ្សារឯករាជ្យ២ ស្ថិតក្នងភូមិព្រៃព្រីងជើង។ លុះចូលទៅដល់ក៏ត្រូវបានក្រុមជនសង្ស័យមានគ្នា៤នាក់ (ប្រុស២ ស្រី២) បានប្រើល្បិចធ្វើជាមកសួរនាំថាមានរើសបានកញ្ចប់មាសទេ។

លុះបន្តិចក្រោយមក ក៏មានអ្នកកាន់កញ្ចប់មាសស្រាយមាត់ថង់ឱ្យនាងមើល ឃើញសុទ្ធតែមាស ក្រហមឆ្អិនឆ្អៅ រួចប្រាប់ថា កុំមាត់ប្រាប់គេ ចាំគេចែកចំណែកឱ្យស្មើគ្នា។ ឮបែបនេះ ធ្វើឱ្យនាងស្លុងអារម្មណ៍នឹកថាបានជួបលាភធំ ទើបយល់ព្រមធ្វើដំណើរទៅជាមួយក្រុមជនសង្ស័យដែលប្រាប់ថា ទៅរកកន្លែងស្ងាត់ដើម្បីចែកមាសគ្នា។

នារីរងគ្រោះបានបន្តថា បន្ទាប់មកជនសង្ស័យក៏បបួលនាងឡើងជិះម៉ូតូជាមួយពួកគេធ្វើដំណើរទៅដល់ម្តុំវត្តព្រៃស្ពឺ សង្កាត់ចោមចៅ២ ទើបឈប់នៅកន្លែងស្ងាត់ ស្រាយមាត់ថង់ឱ្យនាងមើលម្តងទៀត ឃើញមាសក្រហមច្រាលដដែល រួចក៏ពិភាក្សាចែកចំណែកគ្នា។

ដោយក្រុមជនសង្ស័យបានល្បួងដោះយកគ្រឿងអលង្ការ លុយកាក់ និងទូរស័ព្ទរបស់នាងជាថ្នូរនឹងការប្រគល់កញ្ចប់មាសឱ្យនាងតែម្នាក់ឯង ទើបនាងយល់ព្រម ស្មានថាបានចំណេញ ដឹងអីដាច់ចំណង ទម្រាំភ្ញាក់ខ្លួនថាចាញ់ល្បិចក្រុមបោកប្រាស់ ត្រូវក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនអស់ទៅហើយ នៅសល់ត្រឹមទឹកភ្នែកដើរទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ប៉ុណ្ណោះ។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់។

ជុំវិញករណីខាងលើនេះ មហាជនបានលើកឡើងថា ករណីទម្លាក់យោងនេះតែងកើតមានជាហូរហែ និងស្ទើរគ្រប់ខេត្តក្រុងទូទាំងប្រទេស ប៉ុន្តែហេតុអ្វីនៅតែមានអ្នកចាញ់ល្បិចដ៏ចាស់គំរិលបែបនេះទៀត?

ចំណែកសមត្ថកិច្ចមិនដែលឃើញស្រាវជ្រាវតាមប្រមាញ់ចាប់បានក្រុមទាំងនេះឡើយ បណ្តោយឱ្យពួកគេដើរអុកឡុក ធ្វើសកម្មភាពគ្រប់ទីកន្លែង ដោយគ្មានខ្លាចញញើតអ្វីសោះ៕

RELATED ARTICLES