ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅតាមផ្សារទំនើបនិងផ្សារពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម រួមមាន បង្គារ មឹកស្រស់ ងៀតបបែល ត្រីប្រឡាក់ ឈាមជ្រូក ខ្ញីហាន់ ជ្រក់ស្ពៃ សណ្តែកបណ្តុះ តៅហ៊ូ និងប្រេង ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញងៀតបបែលចំនួន០១គីឡូក្រោម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ និងបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកំទេចចោលនៅសាខាខេត្តព្រះសីហនុ។

ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕



