ខេត្តសៀមរាប ៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម (គបផក) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេសរបស់ (គបផក) ចុះសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តសៀមរាប លោកសំរឹទ្ធ សុខុន បន្តចុះបង្ក្រាបទីតាំងលួចផលិតវេចខ្ចប់និងចែកចាយប៊ីចេងសញ្ញារូបវែកក្លែងក្លាយមួយកន្លែងនៅត្រង់ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែងស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ។

ជាលទ្ធផលបានរកឃើញ ប៊ីចេងសញ្ញារូបវែកក្លែងក្លាយ សរុបប្រមាណជាង១៨តោន។ ក្រោយការរកឃើញនេះ ព្រះរាជអាជ្ញារងខេត្តសៀមរាប បានបញ្ជាឱ្យមន្ត្រីនគរបាលយុត្តិធម៌ (គបផក) នាំម្ចាស់ទីតាំងទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអនុវត្តបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ទៅលើជនទុច្ចរិតខាងលើ។

ជាមួយនេះ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមហាជនទាំងអស់សូមចូលរួមជួយផ្តល់ព័ត៌មានដល់លោក ដើម្បីងាយស្រួលឈានទៅបង្ក្រាបបន្តទៀត តាមរយៈលេខទូរស័ព្ទ ០១៥ ៥៨ ១៣ ១៣៕


