ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រស់នៅក្នុងជីវភាពក្រីក្រតោកយ៉ាកខ្លាំងណាស់រកព្រឹកខ្វះល្ងាច ជួនគ្មានទាំងប្រាក់បង់ថ្លៃបន្ទប់ជួលទៀតផង បែរជាប្តីផឹកស៊ីស្រវឹងកើតមានចិត្តធម៌ចង់ហៅមិត្តភក្តិឱ្យមកស្នាក់នៅជាមួយ តែប្រពន្ធជំទាស់សំអាងថា ខ្លួនឯងយោងអាត្មាមិនរួចផង ចង់ជួយយឺតយោងគេ។ ស្រាប់តែប្តីខឹងច្រឡោតស្ទុះទៅវាយដំប្រពន្ធទាំងសរសៃខ្ចី បណ្តាលឱ្យរងរបួសយ៉ាងដំណំ រួចក៏ចុះចោលផ្ទះចោលប្រពន្ធកូនបាត់ស្រមោល។
ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានលេចឮដល់សមត្ថកិច្ចចុះទៅសួរនាំ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ស្ត្រីរងគ្រោះស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីអភ័ព្វដែលត្រូវប្តីវ៉ៃដំ រួចរត់ចោលបាត់នេះ មានឈ្មោះចាន់ ភក្តី អាយុ២៨ឆ្នាំ ទើបនឹងសម្រាលកូនប្រុសម្នាក់បានជាង១ខែ មានស្រុកកំណើតនៅភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ចំណែកបុរសជាប្តីកំណាច និងគ្មានការទទួលខុសត្រូវ មានឈ្មោះ សារិទ្ធ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅស្រុកជាមួយគ្នា តែភូមិឃុំផ្សេងគ្នា។

តាមសម្តីស្ត្រីអភ័ព្វខាងលើបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា រវាងនាងនិងប្តីបានស្រលាញ់គ្នាដោយចិត្តនិងចិត្ត ហើយព្រមព្រៀងរួមរស់នឹងគ្នាដូចប្តីប្រពន្ធដោយមិនបានរៀបការ ឬសែនព្រេនអ្វីឡើយ។
តាំងពីចាប់ដៃគ្នាមក ពួកនាងបានជួលផ្ទះខាងលើស្នាក់នៅគិតមកដល់ពេលនេះអស់រយៈពេលជាង២ឆ្នាំមកហើយ និងបានរួមរស់បង្កើតបានកូនប្រុសម្នាក់អាយុទើបតែជាង១ខែប៉ុណ្ណោះ។
ស្ត្រីអភ័ព្វរូបនេះ បន្តថា កន្លងមកប្តីរបស់នាងធ្វើការជាកម្មករសំណង់ ចំណែករូបនាងវិញ សព្វថ្ងៃនេះពុំមានការងារអ្វីធ្វើទេ ព្រោះទើបនឹងសម្រាលកូនរួចមិនទាន់រឹងសរសៃនៅឡើយ។ ជីវភាពគ្រួសារនាងកន្លងមកខ្វះខាតលំបាកតោកយ៉ាកខ្លាំងណាស់ រកព្រឹកខ្វះល្ងាច ហូបចុកមិនដែលបានគ្រប់គ្រាន់នោះទេ រហូត ដល់ពេលខ្លះគ្មានទាំងលុយទិញបាយហូប ដេកអត់បាយ២ថ្ងៃក៏មានដែរ ហើយពេលខ្លះទៀតគ្មានទាំងប្រាក់បង់ថ្លៃបន្ទប់ជួលផ្ទះក៏មានដែរ។

ស្ត្រីអភ័ព្វខាងលើបញ្ជាក់ថា នៅមុនពេលកើតហេតុ១ថ្ងៃ ប្តីរបស់នាងបាននាំមិត្តភក្តិមកផឹកស៊ីនៅបន្ទប់ផ្ទះជួល លុះក្រោយពីផឹកស៊ីស្រវឹង ឮមិត្តភក្តិត្អូញថា កំពុងលំបាក អត់ទាំងលុយចាយ អត់ទាំងផ្ទះស្នាក់នៅ ស្រាប់តែប្តីរបស់នាងផុសចិត្តធម៌ចង់បបួលមិត្តភក្តិម្នាក់នោះឱ្យមកស្នាក់នៅបន្ទប់ជួលជាមួយគ្នាទៀតផង ប៉ុន្តែត្រូវបាននាងប្រកែក រារាំងមិនឱ្យប្តីទទួលយកមិត្តភក្តិមកស្នាក់នៅបន្ថែមបន្ទុកទៀតឡើយ។
ដោយនាងបានលើកឡើងប្រាប់ប្តីថា ខ្លួនឯងយោងអាត្មាមិនទាន់រួចផង ចង់ជួយយឺតយោងគេ ស្រាប់តែប្តីខឹងច្រឡោតបង្ករឿងឈ្លោះប្រកែកជាមួយគ្នារហូតដល់ប្រើជាអំពើហិង្សាវាយដំនាងទាំងសរសៃខ្ចីបណ្តាលឱ្យនាងទទួលរងរបួសយ៉ាងដំណំ។ បន្ទាប់មកប្តីរបស់នាងក៏បានចុះចោលផ្ទះ ចោលពួកនាង២នាក់ម៉ែកូនតែម្តង។ យ៉ាងណា នាងក៏មិនបានរាយការណ៍ ឬប្តឹងផ្តល់ប្តីអ្វីដែរ សុខចិត្តសម្ងំរស់នៅ២នាក់ម៉ែកូនទាំងត្រដាបត្រដួស។

បន្ទាប់ពីការលេចឮថា មានស្ត្រីទើបសម្រាលកូនត្រូវប្តីវាយដំរួចរត់ចោលបាត់រួចមក លោកនាយរងប៉ុស្តិ៍ចោមចៅទី២ មានការអាណិតអាសូរយ៉ាងខ្លាំង និងបានជួយជាអង្ករចំនួន៥គីឡូក្រាម និងម្ហូបអាហារ ព្រមទាំងមុងភួយដល់ស្ត្រីដែលត្រូវប្តីរត់ចោលរូបនេះ គ្រាន់បានដោះស្រាយទុក្ខលំបាកបានមួយគ្រា។ ចំណែកម្ចាស់ផ្ទះជួលក៏មិនយកថ្លៃឈ្នួលនិងទឹកភ្លើងផងដែរ ដោយឃើញជីវភាពខ្វះខាតខ្លាំងពេក។
ជាចុងក្រោយ ស្ត្រីខាងលើសូមអំពាវនាវដល់សប្បុរសជនដែលមានសន្តានចិត្តសូមជួយឧបត្ថម្ភដល់រូបនាងផង ពេលនេះនាងមិនមាន អ្វីជាទីពឹងទេ៕