ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈឿង វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមនៅភោជនីយដ្ឋានតាលាភអូរឫស្សី មានស្រុកកំណើតនៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្នាក់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច (ម៉ូតូនិងទូរស័ព្ទដៃ)។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០និង១០នាទី នៅបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ជនសង្ស័យឈ្មោះឈឿង វីរៈ បានសុំបន្ទប់របស់ជនរងគ្រោះឈ្មោះអួន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិតាតោកណ្តាល ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្នាក់នៅមួយយប់ ហើយជនរងគ្រោះក៏បានយល់ព្រម។
ពេលដែលជនរងគ្រោះគេងលក់នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបាន ងើបពីដេកហើយលួចយកកូនសោម៉ូតូ លួចយកម៉ូតូចំនួន១គ្រឿង ដែលជនរងគ្រោះទុកក្នុងបន្ទប់ជួលខាងលើ គឺម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AF-4923 លេខតួនិងលេខម៉ាស៊ីន៥៤៩៦៤៦៩ និងទូរស័ព្ទដៃចំនួន២គ្រឿងទៀត ម៉ាក VIVO ពណ៌ខៀវ និងម៉ាក OPPO ពណ៌ខៀវ។
ក្រោយពីលួចបានហើយ ជនសង្ស័យបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីយប់ ជនរងគ្រោះបានឃើញជនសង្ស័យកំពុងអង្គុយលេងជាមួយមិត្តភក្តិរបស់គេ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ក៏បានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួននិងនាំខ្លួនជនសង្ស័យមកសាកសួរ។

តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនិងទូរស័ព្ទដៃ របស់ជនរងគ្រោះខាងលើប្រាកដមែន។ ក្រោយពីលួចម៉ូតូ និងទូរស័ព្ទបានហើយ រូបគេបានប្រគល់ម៉ូតូនិងទូរស័ព្ទដៃទាំង២គ្រឿងទៅឱ្យបក្ខពួករបស់គេចំនួន២នាក់ទៀត យកទៅលក់។
ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចស្វែងរកឃាត់ខ្លួនមានឈ្មោះ ទី១-ឈ្មោះលី (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទី២-ឈ្មោះ បឿក (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនទាំងពីរនាក់នេះ មានស្រុកកំណើតភូមិដំដែកលើ ឃុំដំដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប។
ចំណែកជនសង្ស័យឈ្មោះឈឿង វីរៈ ដែលសមត្ថកិច្ច ឃាត់ខ្លួន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តនីតិវិធី៕