Monday, November 24, 2025
Homeព័ត៌មានជាតិលួចគ្រឿងអលង្ការបាន១កេស ស៊យធំសុទ្ធតែកាឡៃ ចុងក្រោយសមត្ថកិច្ចចាប់

លួចគ្រឿងអលង្ការបាន១កេស ស៊យធំសុទ្ធតែកាឡៃ ចុងក្រោយសមត្ថកិច្ចចាប់

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្នុងបទជាប់ពាក់ព័ន្ធនឹងករណីគាស់តូបលួចគ្រឿងកាឡៃទាំងកេសនៅក្នុងផ្សារថ្មី កាលពីសប្តាហ៍មុន។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដែលតាមបំបែកសំណុំរឿងនេះបានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ សាយ ឌុក អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិរតនៈ សង្កាត់រតនៈ។ ជននេះត្រូវកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួន ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេលជិត១សប្តាហ៍កន្លងទៅនេះ។

មន្ត្រីដដែលបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនជននេះ មន្ត្រីជំនាញបានឆែកឆេររកឃើញគ្រឿងកាឡៃជាច្រើនសន្ធឹកសន្ធាប់នៅក្នុងផ្ទះដែលជននេះបានលួចពីក្នុងតូបលក់ដូររបស់អាជីវករនៅក្នុង ផ្សារថ្មី។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ អាជីវករលក់ដូរនៅក្នុងផ្សារថ្មី ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលស្ត្រីម្ចាស់តូបលក់គ្រឿងកាឡៃម្នាក់ឈ្មោះគ្រឿង ជឿងថាក់ អាយុ៣២ឆ្នាំ ស្រែកឆោឡោបាត់គ្រឿងកាឡៃនិងអីវ៉ានដទៃទៀតអស់ពីក្នុងទូកញ្ចក់។

ស្ត្រីរូបនោះបានអះអាងថា គ្រឿងកាឡៃទាំងនោះត្រូវចោរលួចអស់គ្មានសល់ បើគិតជាទឹកប្រាក់មានតម្លៃប្រហែលជិត២ម៉ឺនដុល្លារ រាប់ទាំងតម្លៃគ្រឿងក្រអូបមួយចំនួនផងដែរ។

ជុំវិញករណីនេះ បើតាមចម្លើយបឋមរបស់ជនដៃដល់ឈ្មោះសាយ ឌុក បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនបានធ្វើសកម្មភាពនៅវេលាទៀបភ្លឺថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយប្រព្រឹត្តតែម្នាក់ឯងទេ។

ជននេះនិយាយថា ខ្លួនបានជិះកង់ទៅឈប់ក្បែរផ្សារ រួចដើរចូលទៅក្នុងផ្សារ ឃើញតូបលក់គ្រឿង អលង្ការនោះបិទមិនជិត ខ្លួនក៏ចូលទៅគាស់ទូកញ្ចក់ប្រមូលយកគ្រឿងទាំងនោះតែម្តង។

ជនសង្ស័យខាងលើបានបញ្ជាក់ថា ដំបូងខ្លួនគិតថា ជាគ្រឿងមាសនិងប្លាទីនពិតប្រាកដ ក៏បានប្រមូលដាក់ក្នុងកេសក្រដាស រួចលើកដាក់លើកង់ដឹកយកទៅលាក់ទុកនៅផ្ទះ។ ប៉ុន្តែពេលទៅដល់ផ្ទះ ខ្លួនបានបើកយកគ្រឿងអលង្ការទាំងនោះមកពិនិត្យមើលម្តងទៀត ស្រាប់តែសុទ្ធតែគ្រឿងកាឡៃ។

ជននេះបានអះអាងផ្ទុយពីម្ចាស់គ្រឿងកាឡៃយ៉ាងដូច្នេះថា “នៅយប់នោះ ខ្ញុំលួចបានគ្រឿងកាឡៃមួយកេសនេះទេ ខ្ញុំមិនបានលួចគ្រឿងក្រអូបឬអីវ៉ាន់ដទៃទៀត ដែលមាននៅក្នុងតូបនោះទេ”។

មន្ត្រីជំនាញក៏បានប្រាប់ដែរថា វត្ថុតាងដែលមន្ត្រីជំនាញបានដកហូតពីជនសង្ស័យមិនមានអ្វីក្រៅពីគ្រឿងកាឡៃដ៏សន្ធឹកសន្ធាប់ដែលជននេះបានលួចនោះទេ។ ប៉ុន្តែបើតាមសមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះជនសង្ស័យបានសារភាពទទួលស្គាល់កំហុស ហើយថែមទាំងសារភាពនូវអំពើលួចនៅកន្លែងដទៃទៀតដែលជននេះបានប្រព្រឹត្តនាពេលកន្លងមក។

ពេលនេះ មន្ត្រីជំនាញកំពុងស្រាវជ្រាវប្រមូលយកវត្ថុតាងនានា មានតុកៅអី តាមការចង្អុលបង្ហាញពីជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

RELATED ARTICLES