ខេត្តសៀមរាប ៖ ស្ត្រីដៃឆើតម្នាក់បានធ្វើសកម្មភាពរូតកាបូបលួចលុយពីភ្ញៀវដែលដើរកម្សាន្តនៅក្នុងពិធីបុណ្យអុំទូក នៅដងស្ទឹងសៀមរាប លុះម្ចាស់កាបូបប្រទះឃើញក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចទីតាំងពិព័រណ៌នៅព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប។
ជនសង្ស័យមានឈ្មោះគង់ ស្រីយ៉ា ភេទស្រី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ត្រីជាជនសង្ស័យបានជិះរថយន្តក្រុងពីភ្នំពេញ មកសៀមរាប ក្នុងបំណងមកលេងបុណ្យអុំទូកនិងធ្វើសកម្មភាពលូកហោប៉ៅនៅកន្លែងអុំទូកតាមដងស្ទឹងសៀមរាប។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្ត្រីសង្ស័យបានធ្វើសកម្មភាពរូតកាបូបស្ពាយរបស់ស្ត្រីម្នាក់ តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចឃើញទាន់ ក៏ធ្វើការឃាត់ខ្លួនយកមកសួរនាំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕