ខេត្តកោះកុង ៖ នារីបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់បានបែកគំនិតធ្វើសកម្មភាពលួចកេងបន្លំយកលុយរបស់ក្រុមហ៊ុនអស់ប្រមាណជាង១ម៉ឺនដុល្លារ លុះក្រុមហ៊ុនស៊ើបដឹងក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួននារីជាបុគ្គលិកជើងល្អរូបនេះ នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ឆ្នាំ២០១៩។
នារីវ័យក្មេងដែលជាប់សង្ស័យថាបានកិបកេងស៊ីដាច់លុយក្រុមហ៊ុនជាង១ម៉ឺនដុល្លារ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះដាំ ចរិយា ហៅស្រីល័ក្ខ អាយុ២១ឆ្នាំ មុខបរបរបុគ្គលិកក្រុមហ៊ុនមង្គលរស្មីរតនៈ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួននារីវ័យក្មេងខាងលើ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនមង្គលរស្មីរតនៈ បានធ្វើសកម្មភាពកេងបន្លំយកលុយក្រុមហ៊ុនអស់ជាង១ម៉ឺនដុល្លារ លុះខាងក្រុមហ៊ុនស៊ើបដឹងក៏ប្តឹងសមត្ថកិច្ចឱ្យធ្វើការចាប់ខ្លួនតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួននារីសង្ស័យខាងលើធ្វើឡើងតាមពាក្យបណ្តឹងរបស់តំណាងក្រុមហ៊ុនមង្គលរស្មីរតនៈ ពីបទរំលោភលើទំនុកចិត្តកេងបន្លំយកលុយក្រុមហ៊ុនចំនួន១៤៤៨០ដុល្លារ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
នារីសង្ស័យរូបស្រស់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕