Monday, November 24, 2025
Homeព័ត៌មានជាតិកម្ពុជា ប្រឈមកង្វះភ្លើងប្រើប្រាស់ ជាថ្មី ខណៈវារីអគ្គិសនីចាប់ផ្តើមអស់ទឹក

កម្ពុជា ប្រឈមកង្វះភ្លើងប្រើប្រាស់ ជាថ្មី ខណៈវារីអគ្គិសនីចាប់ផ្តើមអស់ទឹក

កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រីបានអភ័យទោសទុកមុនចំពោះបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករចំពោះកង្វល់នៃកង្វះអគ្គិសនី ដែលអាចកើតមានឡើងនាពេលខាងមុខ។ ការផលិតអគ្គិសនីដោយថាមពលទឹកអាចជួបនឹងបញ្ហាដោយសារកម្រិតទឹកធ្លាក់ចុះទាបទៅៗ។

វារីអគ្គិសនី គឺត្រូវការទឹក រីឯសូឡា (Solar) គឺត្រូវការពន្លឺព្រះអាទិត្យ។ តាមការបញ្ជាក់ពីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី០៦ វិច្ឆិកា គឺការផលិតថាមពលអគ្គិសនីដើរដោយកម្លាំងទឹកដែលមានកម្លាំងប្រមាណ១៣២៨មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម១៨៤-១៨៧មេហ្គាវ៉ាត់តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះមិនទាន់ដល់ខែប្រាំងផង ដូច្នេះយើងអាចនឹងប្រឈមនឹងបញ្ហាក្នុងការផលិតអគ្គិសនី។

ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

សម្តេចហ៊ុន សែន បានបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គិសនីប្រមាណ២០០មេហ្គាវ៉ាត់ ពីប្រទេសឡាវ ដើម្បីដោះស្រាយបញ្ហានេះ។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ីនផលិតថាមពលអគ្គិសនីចំនួន២ ដែលមានអានុភាពផលិតកម្លាំង៤០០មេហ្គាវ៉ាត់ ដែលនឹងដាក់នៅទីតាំងល្វាឯម ខេត្តកណ្តាល ដើម្បីដោះស្រាយកង្វះអគ្គិសនី នៅក្នុងរាជធានីភ្នំពេញ។

សង្ឃឹមថាការរៀបចំដំឡើងនឹងរួចរាល់នៅខែមេសា ឬឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណជិត៤០០លានដុល្លាអាមេរិក (ម៉ាស៊ីនអគ្គិសនី២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអាល្លឺម៉ង់ និងម៉ាស៊ីនអគ្គិសនី២០០មេហ្គាវ៉ាត់មួយទៀត ទិញមកពីប្រទេសហ្វាំងឡង់ដ៍។

ឯកឧត្តមកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា

ទន្ទឹមនឹងនេះ សម្តេចហ៊ុន សែន បានជំរុញឱ្យលោកស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងរ៉ែនិងថាមពល បង្កើនចំនួនកម្មករធ្វើការងារទាំងយប់ទាំងថ្ងៃនៅការដ្ឋាន ដើម្បីឱ្យគម្រោងរៀបចំអគ្គិសនីនេះអាចបានដំណើរការលឿនឆាប់ៗ។

ជាមួយគ្នានេះផងដែរ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ម្ចាស់សណ្ឋាគារទាំងឡាយសូមប្រើប្រាស់ម៉ាស៊ីនអគ្គិសនីផ្ទាល់ខ្លួនបណ្តោះអាសន្នសិន ក្នុងករណីមានបញ្ហាអគ្គិសនីទម្រាំរដ្ឋាភិបាលរៀបចំរួចរាល់៕

RELATED ARTICLES