ភ្នំពេញ ៖ ទារកទើបនឹងសម្រាលម្នាក់ត្រូវឪពុកម្តាយចិត្តខ្មៅយកទៅបោះប្លុងចោលនៅលើគំនរសំរាមមួយកន្លែង និងត្រូវក្មេងរើសសំរាមប្រទះឃើញរត់មកប្រាប់ប្រជាការពារ និងប្រជាពលរដ្ឋឱ្យទៅជួយ តែអកុសលទារកអភ័ព្វនោះបានស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងទាំងយប់។
ហេតុការណ៍ប្រទះឃើញសពទារកនៅលើគំនរសំរាមនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៩០៧ នៅចំណុចជាប់នឹងរបងសាលាបឋមសិក្សាទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ទារកដែលត្រូវម្តាយឪពុកចិត្តខ្មៅយកមកបោះចោលលើគំនរសំរាមគួរឱ្យសង្វេគខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គឺជាទារកទើបនឹងសម្រាលដោយមានទងផ្ចិត និងឈាមក្រហមច្រាលនៅប្រឡាក់ជាប់នៅឡើយ។

តាមប្រភពព័ត៌មានពីប្រជាការពារសង្កាត់ទួលសង្កែ១ បានឱ្យដឹងថា នោមុនពេលកើតហេតុនៅវេលាម៉ោងប្រហែលជា៩យប់ គឺមានអ្នករស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ថា មានក្មេងកាយសំរាមបានប្រទះឃើញមានសពទារកនៅលើគំនរសំរាមទីតាំងកើតហេតុខាងលើ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលនាំគ្នាចោមរោមមើលក៏ប្រទះឃើញសាកសពទារកអភ័ព្វច្រកក្នុងថង់ពណ៌ស មានប្រឡាក់សុទ្ធតែឈាម ដោយមានទងផ្ចិតនៅជាប់ខ្លួនទារកផង។

ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ខាងលើ បាននាំគ្នាសម្តែងនូវទឹកចិត្តអាណិតអាសូរចំពោះទារកអភ័ព្វរូបនេះយ៉ាងខ្លាំង និងមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងចំពោះឪពុកចិត្តខ្មៅ ដែលបង្កើតកូនមកហើយបែរជាគ្មានការទទួលខុសត្រូវ បើទោះកូននេះកើតមកបាត់បង់ជីវិតក៏ដោយ ក៏គួររកកន្លែងបូជាឬបញ្ចុះឱ្យសមរម្យមួយដែរ មិនគួរយកសាកសពកូនដែលប្រឡាក់ឈាមក្រហមច្រាល និងជាប់ទងផ្ចិតផងនោះ មកបោះចោលលើគំនរសំរាមធ្វើដូចជាខ្មោចសត្វធាតុបែបនេះសោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចរួមជាមួយបងប្អូនប្រជាពលរដ្ឋនាំគ្នាលើសពក្មេងប្រុសទើបតែកើតយកបូជានៅវត្តទួលសង្កែ៕