បេក្ខភាពមកពីខេត្តកំពង់ចាម ចាន់ សុបញ្ញា ដែលជាក្មេងវត្តមួយនៅខេត្តកំពង់ចាម ក្លាយទៅជាម្ចាស់ពាន X Factor Cambodia រដូវកាលទី១ ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស ហើយកម្មវិធីនេះបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងកម្មវិធីនេះមានការប្រគល់ពានដោយផ្ទាល់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការចូលរួមពីឯកឧត្តមខៀវ កាញ៉ារីទ្ធ និងលោកជំទាវ រួមទាំងលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង និងមន្រ្ដីមួយចំនួនទៀត។

នៅវគ្គផ្ដាច់ព្រ័ត្រនេះមានបេក្ខភាពតែ៤រូបប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នាយកពាន ដោយបីរូប ជាកូនក្រុមរបស់ឱក សុគន្ធកញ្ញា ក្នុងនោះមានដូចជា ចាន់ សុបញ្ញា អាយុ១៤ឆ្នាំមកពីខេត្តកំពង់ចាម, គង់ ចំរើន អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប និងសំ សុវណ្ណារ៉ាក់ អាយុ២១ឆ្នាំមកពីខេត្តកំពត ។

ដោយឡែក បេក្ខភាពម្នាក់ទៀតជាកូនក្រុមរបស់សុខ សីឡាលីន មកពីខេត្តកំពត ឈ្មោះចាន់ កូម៉ែន អាយុ២៩ឆ្នាំ ខណៈដែលកូនក្រុមរបស់ខេមរៈ សិរីមន្ដ និងណុប បាយ៉ារិទ្ធ បានធ្លាក់អស់តាំងពីមុនឈានដល់វគ្គផ្ដាច់ព្រ័ត្រម្ល៉េះ។

តាមរយៈសារបោះឆ្នោតត្រូវបានពិធីការិនីចាន់ កែវនិមល និងជា វិបុល បញ្ជាក់ថា ចាន់ សុបញ្ញា ទទួលបានសំឡេងគាំទ្រច្រើនជាងបេក្ខភាពសំ សុវណ្ណារ៉ាក់ , គង់ ចំរើន និងចាន់ គូម៉ែន រហូតធ្វើឲ្យសុបញ្ញា ក្លាយទៅជាម្ចាស់ពាន X Factor Cambodia រដូវកាលទី១នេះ ដោយទទួលបាននូវទឹកប្រាក់ចំនួន១០០លានរៀល និងរង្វាន់ផ្សេងៗទៀត។

ប៉ុន្ដែអ្វីដែលមហាជនមិនអស់ចិត្តនោះ គឺចំនួនពិន្ទុមិនត្រូវបានបង្ហាញលើអេក្រង់ទូរទស្សន៍ឡើយ ទើបអ្នកខ្លះនៅតែសង្ស័យថា ការឲ្យពានទៅអ្នកណាម្នាក់ជាការរៀបចំរបស់ក្រុមហ៊ុនហង្សមាស ដែលដឹងតាំងពីមុនថ្ងៃផ្ដាច់ព្រ័ត្រ។
នៅវគ្គផ្ដាច់ព្រ័ត្រនេះក្រៅពីច្រៀងបទញាក់ចាន់សុបញ្ញា ច្រៀងបទ ”ទុកឱកាសឲ្យបងខ្លះបានទេ” ស្របពេលដែលគណកម្មាការទាំង៤ រួមមានណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ដ , ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន ច្រៀងរួមគ្នាបទ ”រយលានសង្ឃឹម”។

គួរបញ្ជាក់ថា មុនលើកពាន X Factor Cambodia រដូវកាលទី១នេះ ចាន់ សុវបញ្ញា ធ្លាប់ប្រលងធ្លាក់កម្មវិធី The Voice Kids Cambodia រដូវកាលទី១ផងដែរ។

ដោយឡែក តាមរយៈរូបភាពជាច្រើនបង្ហាញថាសុបញ្ញា ជាក្មេងរស់នៅវត្តមួយឯខេត្តកំពង់ចាម ហើយក៏ធ្លាប់ដើរបិណ្ឌបាត និងទទួលបានការផ្គត់ផ្គងពីព្រះសង្ឃមួយអង្គផងដែរ៕