Monday, November 24, 2025
Homeព័ត៌មានជាតិរាល់ដងជេះតែគិតថាជាប្តីប្រពន្ធនឹងគ្នា ម្តងនេះទ្រាំលែងបានហើយ

រាល់ដងជេះតែគិតថាជាប្តីប្រពន្ធនឹងគ្នា ម្តងនេះទ្រាំលែងបានហើយ

ខេត្តកណ្តាល ៖ បុរសម្នាក់បានសុំលុយប្រពន្ធចំនួន១០០ដុល្លារយកទៅទិញទូរស័ព្ទប្រើ លុះប្រពន្ធប្រាប់ថាអត់មានលុយ ក៏ស្រាប់តែផ្ទុះកំហឹងស្ទុះទៅទាញទំពក់ព្យួរខោអាវវាយប្រពន្ធទាំងកំរោល បណ្តាលឱ្យរងរបួសជាំពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។

ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះកាយ ស្រីល័ក្ខ អាយុ២៨ឆ្នាំ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះចេក សុខឡៃ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំង២នាក់ប្តីប្រពន្ធនេះ មានលំនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។

មន្ត្រីនគរបាលយុត្តិធម៌ស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យជាប្តីបានសុំលុយពីប្រពន្ធចំនួន១០០ដុល្លារ ដើម្បីយកទៅទិញទូរស័ព្ទថ្មីមកប្រើប្រាស់ផ្ទាល់ខ្លួន ខណៈនោះស្ត្រីជាប្រពន្ធបានប្រាប់ថាគ្មានលុយទេ ទើបធ្វើឱ្យជនសង្ស័យជាប្តីផ្ទុះក្តីខឹងសម្បាយ៉ាងខ្លាំងស្រែកជេរប្រមាថ មិនតែប៉ុណ្ណោះបានស្ទុះទាញយកទំពួកថ្ពក់ខោអាវមកវាយទៅលើជនរងគ្រោះ បណ្តាលឱ្យត្រូវចំកំភួនដៃខាងឆ្វេងខ្នងនិងកំភួនជើងរងរបួសយ៉ាងដំណំ ហើយក៏ដើរគេចចេញបាត់ទៅ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធបានសម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាប្តី។

មន្ត្រីនគរបាលយុត្តិធម៌ស្រុកកណ្តាលស្ទឹង បានបញ្ជាក់ថា ករណីហិង្សាជេរប្រមាថនិងវាយតប់ទៅលើស្ត្រីជាប្រពន្ធនេះ មិនមែនកើតឡើងជាលើកទីមួយនោះទេ ពោលគឺជនសង្ស័យរូបនេះតែងតែរករឿងជេរប្រមាថនិងវាយដំទៅលើជនរងគ្រោះជាបន្តបន្ទាប់ ប៉ុន្តែស្ត្រីជាប្រពន្ធមិនដែលប្តឹងផ្តល់នោះទេ ក៏ព្រោះតែនឹកឃើញថាជាប្តីប្រពន្ធនឹងគ្នា តែលើកនេះទ្រាំលែងបានក៏សម្រេចចិត្តប្តឹងទៅសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់តែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក តែដោយពុំមានវត្ថុតាងដាក់បន្ទុកចាប់ខ្លួន លុះមកដល់ថ្ងៃនេះទើបសមត្ថកិច្ចចាប់ខ្លួនពីបទហិង្សាក្នុងគ្រួសារតែម្តង៕

RELATED ARTICLES