Monday, November 24, 2025
Homeព័ត៌មានជាតិក្រមុំអង់គ្លេសបាត់ខ្លួន៧ថ្ងៃ សមត្ថកិច្ចជំនាញបញ្ជាក់ពីមូលហេតុនៃការស្លាប់

ក្រមុំអង់គ្លេសបាត់ខ្លួន៧ថ្ងៃ សមត្ថកិច្ចជំនាញបញ្ជាក់ពីមូលហេតុនៃការស្លាប់

ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងជនជាតិអង់គ្លេសម្នាក់ដែលបានបាត់ខ្លូនកាលពី៧ថ្ងៃមុន នៅកោះរ៉ុង ខេត្តព្រះសីហនុ ដែលត្រូវបានរកឃើញសពរបស់នាងដោយអណ្តែតរហូតទៅដល់ខេត្តកោះកុង នោះ ក្រុមមន្ត្រី​ជំនាញ​បានធ្វើ​កោសល្យវិច័យ​​បាន​ប្រាប់ថា​ សាកសព​​​មាន​សភាព​រលួយ​ខ្លះៗហើយ ចំណែកនៅលើ​ដង​ខ្លួនមិន​មាន​ស្លាកស្នាមអ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ហើយបាន​បញ្ជាក់​ថា សព​ស្ត្រី​រងគ្រោះ​គឺ​ស្លាប់​ដោយសារ​លង់​ទឹក។

លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទី បញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បានថ្លែងឱ្យដឹងថា សពនារីជនជាតិអង់គ្លេសត្រូវបានរកឃើញនៅម្តុំកោះឆ្លាមក្នុងខេត្តកោះកុង ហើយនៅពេលនេះ កម្លាំងរបស់លោកកំពុងតែនាំសពរបស់នាងមកលើគោក ដើម្បីធ្វើកោសល្យវិច័យបន្ថែមទៀត។

សម្រាប់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថា តាមព័ត៌មានបឋមដែលលោកទទួលបាន គឺពិតជារកឃើញសពរបស់នាងបានអណ្តែតដល់ខេត្តកោះកុង ហើយពេលនេះកម្លាំងនគរបាល អាជ្ញាធរបានទាក់ទងទៅខាងក្រុមលំហសមុទ្រនាំយកសពរបស់នាងមកលើគោកវិញ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ការងារនេះអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចាត់ឱ្យទាំងអាជ្ញាធរនិងសមត្ថកិច្ចទាក់ទងអន្តរាគមន៍នាំយកសពរបស់នាងមកលើគោកដើម្បីធ្វើកោសល្យវិច័យ ព្រមទាំងចាត់ចែងប្រគល់ជូនក្រុមគ្រួសារ។

សូមបញ្ជាក់ថា នាង AMELIA LOUISE បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុង នៅម៉ោង៦ព្រលប់។ បន្ទាប់មកនាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨និង១៥នាទីយប់ថ្ងៃដដែល ក្នុងគោលបំណងទេសចរណ៍។

មុនបាត់ខ្លូន គេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣និង៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។

ក្រោយបាត់ខ្លួន ប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកគួច ចំរើន សហការជាមួយនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងអាជ្ញាធរនិងកម្លាំងសមត្ថកិច្ច ព្រមទាំងមានការចូលរួមពីក្រុមលោកឧកញ៉ាទៀ វិចិត្រ និងប្រជាពលរដ្ឋរាប់រយនាក់រហូតមានការប្រើសុខនទៀតផងនោះ បានបើកប្រតិបត្តិការស្វែងរកតាំងពីថ្ងៃបាត់ខ្លួនមកម៉្លេះ។

នាង AMELIA LOUISE បានចេញពីវៀតណាមកាលពីអំឡុងថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ មកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត និងបន្តធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ រហូតបាត់ខ្លួននៅព្រឹកទៀបភ្លឺថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្តភក្តិទើបស្គាល់គ្នាជិត១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថា ចាំមើលថ្ងៃរះនៅលើកោះរ៉ុង”៕

RELATED ARTICLES