កណ្ដាល៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តកណ្ដាល ក្រោមប្រធានបទ “អ្វីជាការជួញដូរ ឧបករណ៍និស្សន្ទ ៖ ការត្រៀមខ្លួនការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?”។
ការចូលរួមលើកនេះគឺជាលើកទី៧ ក្នុងឆ្នាំ២០១៩ និងជាលើកទី១២ បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បី ចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមនូវប៉េង ច័ន្ទតារា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តមួយនេះ។
ឯកឧត្តមបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញតាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៧% ក្នុងមួយឆ្នាំ។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមនូវប៉េង ច័ន្ទតារា ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្នែកវិនិយោគបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
បន្ទាប់មក ឯកឧត្ដមសុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលានៅខេត្តកណ្ដាលជាផ្លូវការ និងបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការ ពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។
ឯកឧត្ដមបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមសុខ ដារ៉ា បានមានប្រសាសន៍ថា “ទីផ្សារឧបករណ៍និស្សន្ទផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម”។
ក្នុងនាមជាវាគ្មិនកិត្តិយស លោកឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញដើម្បីឱ្យសិក្ខាកាមងាយយល់និងទទួលបានចំណេះដឹងអំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ ។

ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា លោកសំណាង ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ ។
ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្ត ដូចជា ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង

ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន រួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរនិងចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666៕