ទីបំផុត នៅថ្ងៃនេះ ស្ត្រីជនជាតិអង់គ្លេសដែលបានបាត់ខ្លួនជាច្រើនថ្ងៃមកនោះ ត្រូវបានប្រទះឃើញហើយនៅលើផ្ទៃសមុទ្រក្បែរព្រំដែនកម្ពុជា-ថៃ ប៉ុន្តែអ្វីដែលសោកស្តាយនោះ គឺនាងបានស្លាប់បាត់បង់ជីវិតទៅហើយ ធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្តិរបស់នាងមានភាពរន្ធត់ជាខ្លាំង។

បើតាមលោកទៀ វិចិត្រ បានបង្ហោះសារថា “រកឃើញហើយ !! ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជីធីវីស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេស ដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល7ថ្ងៃ មកដល់ថ្ងៃ31ខែតុលាឆ្នាំ2019នេះ បានជួបប្រទះឃើញសាកសពស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខនដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ N10°47.691 E102°26.645 ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង…”។

គួរបញ្ជាក់ថា កញ្ញា BAMBRIDGE AMELIA អាយុ២១ឆ្នាំ មកពីទីក្រុង Worthing ដែលជាទីក្រុងស្ថិតនៅភាគខាងត្បូងនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១១៨៩០៨៣៣ បានបាត់ខ្លួនតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។
មុនពេលបាត់ខ្លួនស្ត្រីរងគ្រោះបានចូលមកស្នាក់នៅ Nest Bar បន្ទប់លេខ១ គ្រែលេខ៥ មានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

ចំពោះអាជ្ញាធរបានដាក់ការសង្ស័យអំពីការបាត់ខ្លួនរបស់នារីរងគ្រោះខាងលើ ជាជំហានដំបូងថា អាចដោយសារដើរវង្វេងផ្លូវក្នុងព្រៃនៅលើកោះ ឬអាចលង់ទឹក ព្រោះនាឡិកានិងកាបូបដៃគឺត្រូវបានរកឃើញនៅលើថ្មមាត់ទឹក៕

