ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ក្នុងករណីបង្ខាំងមនុស្សទុកជំរិតទារប្រាក់និងរំដោះបានជនរងគ្រោះម្នាក់ កាលពីវេលាម៉ោង៥និង២០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បន្ទប់លេខ២១១៥ សណ្ឋាគារកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះវ៉ូ ថាន់ទុង អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលីញ មានលំនៅក្នុងឃុំឡើយហឹង ស្រុកមីឌឹក ទីក្រុងហាណូយ ប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ C8085133។

ចំណែកជនរងគ្រោះមានឈ្មោះង្វៀង យ៉ាំងងារ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានលំនៅក្នុងភូមិថិនហុង ឃុំថិនដៀង ស្រុកចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម គ្មានលិខិតឆ្លងដែន។
ប្រភពបានបន្តទៀតថា មូលហេតុនោះគឺជនរងគ្រោះបានខ្ចីប្រាក់ចំនួន៣០០០ដុល្លារ ពីជនសង្ស័យរួចយកទៅលេងល្បែងចាញ់អស់ ហើយគ្មានប្រាក់សងទើបរូបគេចាប់បង្ខាំងទុកឱ្យសាច់ញាតិមកលោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕