ខេត្តសៀមរាប ៖ យុវជនម្នាក់ឆ្លៀតពេលទំនេរពីការងារក៏ដេកស្តាប់កាសចម្រៀងតាមទូរស័ព្ទ លុះទូរស័ព្ទអស់ថ្មក៏យកឆ្នាំងសាកថ្មមកសាកបណ្តើរស្តាប់ចម្រៀងបណ្តើរ ស្រាប់តែអកុសលឆ្លងចរន្តបណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៤០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន។

យុវជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះផន់ កក្កដា អាយុ១៩ឆ្នាំ មុខរបរកូនជាងធ្វើកញ្ជក់ ធ្វើការនិងស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ បានដេកស្តាប់ចម្រៀងតាមទូរស័ព្ទ ដោយយកកាសមកដាក់ក្នុងត្រចៀក។ លុះបន្តិចក្រោយមក ទូរស័ព្ទជិតអស់ថ្ម ទើបជនរងគ្រោះបានយកឆ្នាំងសាកថ្មមកសាកទូរស័ព្ទបណ្តើរស្តាប់ចម្រៀងបណ្តើរ ស្រាប់តែអកុសល បណ្តាលឱ្យឆ្លងចរន្តឆក់ជនរងគ្រោះស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោលស្យវិច័យ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ពោលគឺជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន និងបានប្រគល់សាកសពឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕