ភ្នំពេញ ៖ ស្ត្រីម្នាក់បានចេញទៅរកទិញទឹកអំពៅ ស្រាប់តែត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទ១គ្រឿង ដែលមានតម្លៃប្រមាណជិត១ពាន់ដុល្លារ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ចំណែកម្ចាស់ទូរស័ព្ទក៏មិនបានទៅដាក់ពាក្យបណ្តឹងដែរ សង្ស័យគ្មានសង្ឃឹមថាសមត្ថកិច្ចអាចចាប់ខ្លួនជនសង្ស័យបាន។
ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចម្តុំ Game TK ស្ថិតតាមបណ្តោយផ្លូវ៤៧៨ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

ស្ត្រីរងគ្រោះជាម្ចាស់ទូរស័ព្ទ ដែលត្រូវចោរឆក់យកទៅបាត់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកទូរស័ព្ទដែលបាត់បង់ម៉ាក iPhone X តម្លៃជិត១០០០ដុល្លារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើបានដើរកាន់ទូរស័ព្ទទំនើប១គ្រឿង ចេញមករកទិញទឹកអំពៅ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ស្ត្រីរងគ្រោះទៅបាត់ រួចគេចខ្លួនបាត់ភ្លាមៗដោយសុវត្ថិភាព។
ប្រជាពលរដ្ឋម្តុំកន្លែងកើតហេតុ បានខ្សឹបប្រាប់ថា ទីតាំងខាងលើភាគច្រើនសម្បូរទៅដោយក្មេងលេងហ្គេម២៤ម៉ោងតែម្តង ហើយក៏មានចោរឆក់ជាញឹកញយ មិនដែលឃើញមានសមត្ថកិច្ចណាចុះល្បាតទេ ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ។

ជុំវិញករណីខាងលើនេះ ជនរងគ្រោះបានសំណូមពរទៅសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូងទី១ ឱ្យជួយជំរុញមន្ត្រីក្រោមឱវាទចុះឃ្លាំមើលផង កុំបណ្តោយឱ្យមានបទល្មើសក្នុងមូលដ្ឋានទៀត។
ជាមួយនេះ ស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ សង្ស័យគ្មានសង្ឃឹមថា សមត្ថកិច្ចអាចចាប់ជនសង្ស័យបានទ្បើយ៕