ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានឆ្មក់បង្ក្រាបទីតាំងហាងកោសជប់ម៉ាស្សាចំនួន២កន្លែងជាប់គ្នា ស្ថិតនៅក្នុងខណ្ឌមានជ័យ ដែលបើករកស៊ីលួចលាក់បង្កប់សេវាផ្លូវភេទ ដោយឃាត់ខ្លួនថៅកែស្រីជាជនជាតិវៀតណាម (ម៉ែយ៉ែម) ចំនួន២នាក់ និងជួយរំដោះក្មេងស្រីរងគ្រោះចំនួន៥នាក់។

ហាងកោសជប់ម៉ាស្សាទាំង២កន្លែងដែលត្រូវសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប រួមមាន ទីតាំងទី១. យីហោ “ម៉ាស្សាកោសជប់៧២” និងទីតាំងទី២. យីហោ “ម៉ាស្សាកោសជប់៩៩៩” ស្ថិតនៅចំណុចផ្ទះលេខ៥៨២ តាមបណ្តោយផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីលោកស្រីស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចឃាត់ខ្លួនស្ត្រីថៅកែហាងជាជនជាតិវៀតណាមចំនួន២នាក់ រួមមាន៖

ទី១- ឈ្មោះចាន់ ធីរ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរថៅកែហាង យីហោ “ ម៉ាស្សាកោសជប់៩៩៩” ស្នាក់នៅកន្លែងឃាត់ខ្លួន។
ទី២. ឈ្មោះវៀង ជីហាយ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរថៅកែហាងយីហោ “ម៉ាស្សាកោសជប់ ៧២” ស្នាក់នៅកន្លែងឃាត់ខ្លួន។
ចំពោះសម្ភារដកហូត រួមមាន ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ និងសៀវភៅកត់ត្រាភ្ញៀវចេញចូលចំនួន២ក្បាល។

ក្រោយពីបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋានការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីថៅកែហាង២នាក់ និងក្មេងស្រីរងគ្រោះ៥នាក់ យកទៅកាន់ការិយាល័យនាយកដ្ឋានការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕