Monday, November 24, 2025
Homeព័ត៌មានជាតិម្ចាស់ជាប់ដោះស្រាយគ្រោះថ្នាក់ ចោរកាច់កញ្ចក់ឡាន

ម្ចាស់ជាប់ដោះស្រាយគ្រោះថ្នាក់ ចោរកាច់កញ្ចក់ឡាន

ភ្នំពេញ ៖ ជសង្ស័យប្រុសស្រី២នាក់បានឆ្លៀតឱកាសបន្លំលួចកាច់កញ្ចក់រថយន្តស៊េរីទំនើបមួយគ្រឿងបានសម្រេច ហើយរត់គេចខ្លួន ខណៈដែលជនរងគ្រោះកំពុងតែជាប់រវល់សម្របសម្រួលគ្នាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ តែត្រូវម្ចាស់រថយន្តដឹងខ្លួនទាន់បើកដេញតាមចាប់បានម្នាក់យកប្រគល់ឱ្យសមត្ថកិច្ច។

ការឃាត់ខ្លួណជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទល់មុខភោជនីយដ្ឋានបឹងមាស ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលគេឆ្លៀតកាច់កញ្ចក់ឡានប្រុសស្រីចំនួន២នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បើកម៉ូតូម៉ាកហុងដាស្កុបពី ពាក់ស្លាកលេខកណ្តាល 1G-4900 រីឯរថយន្តរងគ្រោះ ម៉ាក Ford ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BG-9568 បើកបរដោយយុវជនម្នាក់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តរងគ្រោះបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ ប៉ុន្តែគ្រោះថ្នាក់តិចតួចប៉ុណ្ណោះ រួចក៏ឈប់ជជែករកខុសរកត្រូវ រហូតសម្របសម្រួលដោះស្រាយគ្នាចប់ ដោយមិនមាននរណាសងនរណានោះឡើយ រួចខាងម៉ូតូក៏បានបើកម៉ូតូចេញបាត់ទៅ។

ប្រភពបានបន្តថា ស្រាប់តែបន្តិចមកក៏មានគេមកប្រាប់ថា មើលរថយន្តរបស់ខ្លួនតើមានបាត់សម្ភារអ្វីឬអត់ ? ទើបដឹងថាបាត់កញ្ចក់ម្ខាងផ្នែកខាងស្តាំ។ ភ្លាមនោះម្ចាស់រថយន្តបានបើករថយន្តដេញដល់រង្វង់ព្រហ្មមុខបួន ជនសង្ស័យក៏ផ្តួលម៉ូតូចោលរត់ តែត្រូវសមត្ថកិច្ចចាប់បានម្នាក់និងដកហូតកញ្ចក់រថយន្តនៅក្នុងស្បោងខ្មៅបានមកវិញ។

បន្ទាប់ពីកើតហេតុ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES