Monday, November 24, 2025
Homeព័ត៌មានជាតិនារីអង់គ្លេសបាត់ខ្លួនមកដល់ថ្ងៃនេះ... អាជ្ញាធរដាក់ការសង្ស័យ២ករណី

នារីអង់គ្លេសបាត់ខ្លួនមកដល់ថ្ងៃនេះ… អាជ្ញាធរដាក់ការសង្ស័យ២ករណី

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងខេត្តដោយផ្ទាល់ដើម្បីចុះស្រាវជ្រាវរកស្ត្រីទេសចរជនជាតិអង់គ្លេសម្នាក់ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដោយគិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃមកហើយ នៅមិនទាន់មានពន្លឺនៅឡើយ។

នារីរងគ្រោះដែលបាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA អាយុ២១ឆ្នាំ មកពីទីក្រុង Worthing ដែលជាទីក្រុងស្ថិតនៅភាគខាងត្បូងនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១១៨៩០៨៣៣។

មុនពេលបាត់ខ្លួនស្ត្រីរងគ្រោះបានចូលមកស្នាក់ នៅ Nest Bar បន្ទប់លេខ១ គ្រែលេខ៥ មានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

កម្លាំងកងរាជអាវុធហត្ថដែលប្រចាំការក្រុងកោះរ៉ុង នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពីប្រតិភូគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បើកប្រតិបត្តិការយ៉ាងក្តៅគគុកដោយប្រើប្រាស់អស់រយៈពេលពេញមួយថ្ងៃ នៅតែមិនមានពន្លឺពីអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះដែលបាត់ខ្លួននៅឡើយ។

ប្រភពដដែលបន្តថា បន្ទាប់ពីប្រតិភូគណៈបញ្ជាការឯកភាពខេត្តវិលត្រឡប់មកកាន់ខេត្ត វិញ លោកអភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគណៈបញ្ជាការឯកភាពក្រុងកោះរ៉ុង ដែលដឹកនាំដោយលោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដឹកនាំកម្លាំងចម្រុះនិងមានការចូលរួមពីប្រជានេសាទនៅក្រុងកោះរ៉ុង ជាច្រើននាក់ដើម្បីរុករកបន្ត។

ទំព័រហ្វេសប៊ុករបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានបង្ហោះថា ក្រុមអ្នករុករកដែលមានទាំងក្រុមអ្នកមុជទឹកបានស្វែងរកស្ត្រីបាត់ខ្លួននៅតាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម ខណៈទីតាំងដែលបាត់ខ្លួនគឺមានកម្មករសំណង់រស់នៅច្រើន។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះខាងលើបានបាត់ខ្លួននៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅពេលធ្វើដំណើរតែម្នាក់ឯងចាកចេញពីពិធីជប់លៀងនៅក្នុងភោជនីយដ្ឋានឈ្មោះ Police Beach ត្រឡប់ទៅកាន់កន្លែងនៅរបស់នាងវិញដែលមានចម្ងាយពីគ្នាប្រហែល១គីឡូម៉ែត្រ។

តាមគម្រោង នារីរងគ្រោះត្រូវមកចុះឈ្មោះចាកចេញពីកន្លែងស្នាក់នៅវេលារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ និងត្រូវធ្វើដំណើរចាកចេញពីកោះរ៉ុង នៅពេលល្ងាចជាមួយមិត្តភក្តិម្នាក់ ប៉ុន្តែកាបូបដៃដែលខាងក្នុងមានកាបូបលុយ ទូរស័ព្ទ និងកាតធនាគារ ត្រូវបានគេរកឃើញនៅលើផ្ទាំងថ្មឆ្នេរសមុទ្រ ខណៈលិខិតឆ្លងដែនរបស់នាងស្ថិតនៅក្នុងកន្លែងស្នាក់នៅ។

យុវជនម្នាក់ឈ្មោះ Ryan Harris អាយុ១៨ឆ្នាំ ដែលអះអាងថា បានស្គាល់គ្នាជាមួយនារីបាត់ខ្លួនបានប្រាប់ថា ពួកគេទាំង២នាក់បានជួបគ្នានៅទីក្រុងភ្នំពេញ និងបានធ្វើដំណើរតាមទូករួមគ្នាទៅលេងកោះរ៉ុង ហើយបាននៅជាមួយគ្នា២-៣ថ្ងៃ និងបានជួបជាមួយមនុស្ស២-៣នាក់ផ្សេងទៀត។

បុរសរូបនេះបន្តថា រូបគេបានធ្វើដំណើរទៅស្នាក់នៅកោះផ្សេងនៅជាប់គ្នាជាមួយកោះរ៉ុង ប៉ុន្តែ Amelia Bambridge បានស្នាក់នៅជាមួយក្មេងស្រីម្នាក់ដែលបានស្គាល់នៅពេលធ្វើដំណើរតាមទូកជាមួយគ្នា លុះក្រោយមកក៏ទទួលបានដំណឹងថា នាងបាត់ខ្លួនទៅវិញ។

ប្អូនស្រីរបស់ Amelia Bambridge ឈ្មោះ Georgie Bambridge បានថ្លែងប្រាប់សារព័ត៌មាន BBC ថា បងស្រីរបស់នាងគឺជាមនុស្សម្នាក់ដែលមានស្មារតីរឹងមាំ ហើយនាងតែងផ្ញើសារទៅគ្រួសារនៅពេលដែលមាន Wifi។

Georgie ក៏បានសរសេរបង្ហោះតាម Twitter ដោយបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់ខ្លួនបងស្រីរបស់នាង និងបានអះអាងថា Amelia គឺមានស្នាមសាក់រូបសត្វគោនៅកំភួនដៃ និងមានស្នាមសាក់រូបសត្វឆ្មានៅលើជើង។

តាមការអះអាងពីអាជ្ញាធរបានឱ្យដឹងថា ក្រុមរុករកបានបែងចែកជា២ក្រុមធំៗ គឺក្រុមរុករកនៅក្នុងព្រៃ និងក្រុមរុករកនៅលើទឹក។ យ៉ាងណា អាជ្ញាធរបានដាក់ការសង្ស័យអំពីការបាត់ខ្លួនរបស់នារីរងគ្រោះខាងលើ ជាជំហានដំបូងថា អាចដោយសារដើរវង្វេងផ្លូវក្នុងព្រៃនៅលើកោះ ឬអាចលង់ទឹក ព្រោះនាឡិកានិងកាបូបដៃគឺត្រូវបានរកឃើញនៅលើថ្មមាត់ទឹក៕

RELATED ARTICLES