Monday, November 24, 2025
Homeព័ត៌មានជាតិលុយទុកក្នុងកែប៦០០០ដុល្លារខ្ទេចម៉ត់... បានតែម៉ូតូមកវិញប៉ុណ្ណោះ

លុយទុកក្នុងកែប៦០០០ដុល្លារខ្ទេចម៉ត់… បានតែម៉ូតូមកវិញប៉ុណ្ណោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលគេស្គាល់ថាជាមុខសញ្ញាចាស់ សមត្ថកិច្ចធ្លាប់ចាប់បានកន្លងមក ក្នុងបទល្មើសលួចម៉ូតូមានប្រើប្រាស់អាវុធ លុះនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ត្រូវបានកម្លាំងល្បាតដេញចាប់ខ្លួនបានជាថ្មីក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះនៅផ្សារឈូកមាស ហើយជិះរត់គេច និងថែមទាំងដោះ GPS ចោលទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះប៊ុត វទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរចោរលួចជើងចាស់ មានលំនៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH- 2124។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ គាត់បានដាក់លុយជាង៦ពាន់ដុល្លារ ក្រោមកែបម៉ូតូ ដើម្បីទៅទូទាត់ថ្លៃទំនិញនៅផ្សារឈូកមាស លុះពេលទៅដល់ គាត់បានចុះពីលើម៉ូតូហើយឈរក្បែរ ប៉ុន្តែមិនបានដោះសោចេញនោះទេ។

ប្រភពបានបន្តថា ភ្លាមនោះ ស្រាប់តែជនសង្ស័យខាងលើបានហក់ឡើងជិះ រួមបញ្ឆេះបើកចេញទៅ បាត់ ធ្វើឲ្យគាត់ផ្អើលឆោឡោរត់ទៅប្តឹងប៉ូលិសភ្លាមៗ ស្រាប់តែនៅវេលាម៉ោង១រសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូដូចភិនភាគខាងលើ ក៏ដេញតាមចាប់ឃាត់បាន។ ប៉ុន្តែគួរឲ្យស្តាយលុយជាង៦០០០ដុល្លារ បានបាត់អស់ ហើយ GPS ត្រូវបានជនសង្ស័យដោះផ្តាច់ចោលផងដែរ។

ចំណែកសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ សកម្មខាងលួចកាច់កម៉ូតូ ប្រដាប់ដោយអាវុធ ដែលកន្លងមកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្លាប់ចាប់ខ្លួនបានក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្រាប់តែចេញពីគុកមកលួចទៀត។

បច្ចុច្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី”៕

RELATED ARTICLES