ខេត្តសៀមរាប ៖ បុរសស្ត្រីវ័យចំណាស់២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបទឆបោកប្រើប្រាស់លិខិតក្លែង ដើររៃអង្គាសបោកយកប្រាក់ (អង្គាសបច្ច័យបុណ្យកឋិន) តាមការរាយការណ៍ពីព្រះចៅអធិការវត្តស្វាយរមៀត។
ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី២៥និង២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖
ទី១-ឈ្មោះសន សំអុល ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ឃាត់ខ្លួនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩)។
ទី២-ឈ្មោះឌី សាន ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ឃាត់ខ្លួនថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩)។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ មានករណីឆបោក (ប្រើប្រាស់លិខិតក្លែងដើររៃអង្គាសបោកយកប្រាក់) បង្កឡើងដោយជនសង្ស័យឈ្មោះសន សំអុល បានយកក្រដាសកម្មវិធីបុណ្យកឋិនទានដង្ហែទៅកាន់វត្តរត្តនះទ្វីបកែវកំបោរ តែកម្មវិធីបុណ្យប្រារឰធ្វើនៅវត្តស្វាយរមៀត បានដើររៃអង្គាសបោកយកប្រាក់ពីប្រជាពលរដ្ឋ។
ប្រភបានបន្តថា ខណៈពេលជនសង្ស័យឈ្មោះសន សំអុល កំពុងធ្វើសកម្មភាព ក៏មានលោកគ្រូព្រះនាមនឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀត បាននិមន្តមកក៏ប្រទះឃើញជនសង្ស័យដើរកាន់លិខិតបុណ្យរៃអង្គាសប្រាក់ពីភ្ញៀវមុខប្រាសាទអង្គរ ពេលនោះព្រះចៅ អធិការខាងលើក៏បានពិនិត្យមើលលិខិតបុណ្យ ហើយក៏ឃើញមានកម្មវិធីបុណ្យនៅវត្តស្វាយរមៀតដូចក្រដាសបុណ្យរបស់ជនសង្ស័យឈ្មោះសន សំអុល ដែរ តែក្រដាសកម្មវិធីបុណ្យរបស់ជនសង្ស័យអ្នកផ្តើមបុណ្យសុទ្ធសឹងតែព្រះចៅអធិការមិនដែលស្គាល់។

ប្រភពដដែលបន្តទៀតថា ដោយឃើញលិខិតបុណ្យមិនប្រក្រតី ព្រះចៅអធិការ ក៏បានរាយការណ៍ មកសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ភ្លាមៗ ដោយនាំជនសង្ស័យឈ្មោះសន សំអុល មកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសន សំអុល បានសារភាពថា កន្លងមកខ្លួនពិតជាបានយកលិខិតកម្មវិធីបុណ្យក្លែងបន្លំដើររៃអង្គាសយកប្រាក់ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយប្រាក់បានពីការរៃអង្គាសនេះ គឺប្រហែល៣០ម៉ឺនរៀល។
ជនសង្ស័យបន្តថា លុយដែលរៃអង្គាសនោះបាន រូបគេគេយកទៅចាយវាយផ្ទាល់ខ្លួន១៥ម៉ឺន រីឯ១៥ម៉ឺនទៀតខ្លួន ប្រគល់ឱ្យបក្ខពួក រួមមាន ទី១-ឈ្មោះអឹម សីហា ហៅសង្ហា ភេទប្រុស អាយុ៥៥ឆ្នាំ ទី២-ឈ្មោះ យ៉ុន កៀ ភេទប្រុស អាយុ៦០ឆ្នាំ ទី៣-ឈ្មោះឌី សាន ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅ បន្ទប់ជួលក្បែរគ្នា ក្នុងក្រុងសៀមរាប។
ជនសង្ស័យបានសារភាពទៀតថា សំបុត្របុណ្យនេះ មិនដឹងឈ្មោះយ៉ុន កៀ ឬឈ្មោះឌី សាន ហើយនឹងឈ្មោះអឹម សង្ហា ហៅសង្ហា យកមកពីណាទៅ ហើយខ្លួនក៏មិនដឹងថាអ្នកណាធ្វើនោះដែរ តែខ្លួនបានសំបុត្របុណ្យនេះពីអ្នកទាំង៣ខាងលើ ហើយពួកខ្លួនគឺជាពលរដ្ឋដែលមិនមានតួនាទីអ្វីក្នុងវត្តស្វាយរមៀត និងវត្តកំបោរឡើយ លុះពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានជួបព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀត ជួបផ្ទាល់តែម្តង។

បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យ ឈ្មោះសន សំអុល រួចមក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចក៏ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះឌី សាន ដែលជាបក្ខពួកយកមកសួរនាំ ហើយជនសង្ស័យរូបនេះបានឆ្លើយសារភាពថា កន្លងមកខ្លួនពិតជាយកលិខិតកម្មវិធីបុណ្យក្លែងបន្លំរៃអង្គាសយកប្រាក់ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែតុលា បានប្រាក់សរុបចំនួន៣០ម៉ឺន ហើយយកមកចាយវាយផ្ទាល់ខ្លួនចំនួន១០ម៉ឺន ចំណែកប្រាក់២០ម៉ឺន ខ្លួនប្រគល់ឱ្យឈ្មោះឈ្មោះអឹម សីហា ហៅសង្ហា ហើយសំបុត្របុណ្យគឺឈ្មោះអឹម សីហា ហៅសង្ហា ជាអ្នកធ្វើឱ្យពួកខ្លួនដើររៃអង្គាស។
ក្រោយទទួលបានរបាយការណ៍អង្គហេតុ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានបញ្ជាឱ្យនគរបាលយុត្តិធម៌ក្រុងសៀមរាប ដែលដឹកនាំដោយលោកវរសេនីយ៏ទោ នួន ស័ក្តចម្រើនរិទ្ឋិ ស្រាវជ្រាវឱ្យបានពេញលេញពីបទល្មើសខាងលើ និងបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់ ទៅការិយាល័យជំនាញដើម្បីបន្តចាត់ការតាមនីតិវិធី៕