ខេត្តសៀមរាប ៖ បុរសជាជាងផ្សារដែកម្នាក់ក្រោយពីផឹកស៊ីស្រវឹងក៏បានបង្ករឿងឈ្លោះជាមួយនឹងបុរសម្នាក់ ដែលគេស្គាល់ថាជាចាងហ្វាងកាសែត រហូតឈានដល់អំពើហិង្សាដាល់បុរសជាចាងហ្វាងកាសែតចំនួន៣ដៃប៉ោងមុខ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនបំពង់ទីបជ័រអង្គរ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យបង្កហិង្សាដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿង ភា អាយុ៣៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ចំណែកជនរងេគ្រាះ មានឈ្មោះប៉ាត សុខ អាយុ៤៨ឆ្នាំ មុខរបរអ្នកកាសែត (ចាងហ្វាងកាសែតព្រះច័ន្ទកម្ពុជា) ឆ្លៀតពេលយប់ ធ្វើជាសន្តិសុខយាមនៅក្រុមហ៊ុនបំពង់ទីបជ័រអង្គរ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះសឿង ភា បានជិះម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ក្រហម ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខសៀមរាប 1K-0996 លេខតួនិងលេខម៉ាស៊ីន 364693 ចូលទៅធ្វើសកម្មភាពប្រើហិង្សាវាយតប់ទៅលើជនរងគ្រោះឈ្មោះប៉ាត សុខ ភេទប្រុស អស់ជាច្រើនដៃបណ្តាលឱ្យមានស្នាមពកលើក្បាលនិងឈឺត្រង់ដើមទ្រូង។

សមត្ថកិច្ចបន្តថា រវាងជនសង្ស័យឈ្មោះសឿង ភា និងជនរងគ្រោះឈ្មោះប៉ាត សុខ គឺជាអ្នកធ្លាប់ស្គាល់គ្នាពីមុនមក ហើយនៅមុនពេលកើតហេតុជនសង្ស័យបានផឹកស៊ីស្រវឹងធ្លាក់ភ្នែក ទើបឈានដល់ការវាយតប់លើជនរងគ្រោះបណ្តាលឱ្យប៉ោងមុខបែបនេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកសាកសួរភ្លាមៗ ហើយជនសង្ស័យក៏បានឆ្លើយសារភាពថា រូបគេពិតជាបានវាយទៅលើឈ្មោះប៉ាត សុខ ពិតប្រាកដមែន។

ជនសង្ស័យត្រូវបានបញ្ជូនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕