ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច ខណៈជិះចេញស្រាប់តែម្ចាស់ម៉ូតូប្រទះឃើញទាន់ស្រែកថាចោរៗ និងរត់ដេញតាម ក៏ស្រាប់តែត្រូវជនសង្ស័យដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ ដើម្បីគំរាម ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រ QMI ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ
មានឈ្មោះដាក លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ
ស្នាក់នៅភូមិកើតហេតុខាងលើ។
រីឯម៉ូតូដែលជនសង្ស័យលួចនោះ
ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GI-3949។
តាមសម្តីជនរងគ្រោះជាម្ចាស់ម៉ូតូ បានឱ្យដឹងថា នៅមុនពេលកើតហេតុនាងបានចេញពីធ្វើការរោងចក្រ ហើយបានទុកម៉ូតូនៅខាងក្រោម និងចាក់សោកត្រឹមត្រូវ រួចឡើងទៅហូបបាយនៅបន្ទប់ជាន់លើ។

ប្រភពបន្ថែមថា បន្ទាប់មកស្រាប់តែមានកូនម្ចាស់ផ្ទះឡើងប្រាប់ថា មានចោរលួចម៉ូតូទៅបាត់ ហើយភ្លាមនោះរូបគាត់ក៏ចុះមកមើលនិងដេញតាម ព្រមទាំងស្រែកថាចោរៗ ស្រាប់តែត្រូវជនសង្ស័យដកកាំភ្លើងពីចង្កេះបាញ់ចំនួន១គ្រាប់ ដើម្បីគំរាមរួចគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះរត់ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ដើម្បីងាយស្រួលធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕