Monday, November 24, 2025
Homeព័ត៌មានជាតិសន្តិសុខចាប់ពោតស្ងោរ តំណាងកោះពេជ្រ បកស្រាយការពិត

សន្តិសុខចាប់ពោតស្ងោរ តំណាងកោះពេជ្រ បកស្រាយការពិត

ភ្នំពេញ ៖ ក្រោយកើតមានករណីសន្តិសុខកោះពេជ្រ ចាប់យកពោតស្ងោរពីបុរសម្នាក់ដែលជាអ្នកជិះកង់លក់ពោតស្ងោរចូលក្នុងបរិវេណកោះពេជ្រ ល្មើសនឹងគោលការណ៍របស់ក្រុមហ៊ុន កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩កន្លងទៅ រហូតធ្វើឱ្យកើតមានការរិះគន់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមកនោះ។

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ តំណាងទីក្រុងកោះពេជ្របានចេញមកពន្យល់បកស្រាយចំពោះករណីនេះ និងបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការភ័ន្តច្រឡំថា សន្តិសុខក្រុមហ៊ុនធ្វើបាបអ្នកទន់ខ្សោយ។

លោកជិន ហុក ប្រធានគ្រប់គ្រងទីក្រុងកោះពេជ្រ

បុរសដែលជាអ្នកលក់ពោតស្ងោរដែលត្រូវសន្តិសុខកោះពេជ្រ ចាប់យកពោតស្ងោរអស់នោះមានឈ្មោះជាប ទូច មានប្រពន្ធឈ្មោះ ឈាង គន្ធា មានកូន២នាក់ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានមកជួលបន្ទប់គេស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយរកស៊ីស្ងោរពោតជិះកង់ដើរលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

លោកជិន ហុក ប្រធានគ្រប់គ្រងទីក្រុងកោះពេជ្រ បានបញ្ជាក់ប្រាប់ថា កាលដែលសន្តិសុខរបស់ក្រុមហ៊ុនចាប់យកពោតស្ងោររបស់អ្នកលក់ពោតយកមកទុកនៅការិយាល័យសន្តិសុខនោះ គឺសន្តិសុខអនុវត្តទៅតាមគោលការណ៍របស់ក្រុមហ៊ុនដែលមិនអនុញ្ញាតឱ្យមានការលក់ដូរអនាធិបតេយ្យក្នុងទីតាំងផ្សាររាត្រីកោះពេជ្រ និងកន្លែងក្មេងលេង (Play Ground) ព្រោះតែទីតាំងនេះមានអាជីវករ លក់ដូរត្រឹមត្រូវ និងមិនអនុញ្ញាតឱ្យមានការលក់ដូរតាមម៉ូតូកង់រទេះ ឬដើរលក់បែបល្អី កញ្ច្រែងឡើយ ហើយបុរសលក់ពោតនោះបានដឹងយ៉ាងច្បាស់ថាជាកន្លែងហាមឃាត់ ប៉ុន្តែគាត់នៅតែចូលលក់។

លោកជិន ហុក បន្តថា មូលហេតុដែលយើងមានគោលការណ៍ហាមឃាត់ការលក់ដូរតាម ម៉ូតូ កង់ រទេះ ឬដើរលក់បែបល្អីកញ្ច្រែងនេះ គឺដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងអនាម័យក្នុងតំបន់នេះដែលជាទីតាំងកម្សាន្តមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ តាមពិតទៅប្អូនប្រុសដែលលក់ពោតនោះក៏បាននិយាយដែរថា សន្តិសុខបានប្រាប់គាត់ផងដែរអំពីគោលការណ៍ទីតាំងនោះ ប៉ុន្តែគាត់លក់នៅខាងក្រៅមិនដាច់ ទើបគាត់ចូលមកលក់បែបនេះ”។

តំណាងទីក្រុងកោះពេជ្រ រូបនេះ បានបន្ថែមថា “តាមពិតទៅ សន្តិសុខបានចាប់ពោតគាត់យកមកទុកនៅការិយាល័យក្រុមហ៊ុន ដើម្បីឱ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះតទៅទៀត និងប្រគល់ពោតឱ្យគាត់វិញ ប៉ុន្តែជាការធ្វេសប្រហែសមួយដែលសន្តិសុខមិនបានប្រាប់បុរសនោះឱ្យបានច្បាស់អំពីទីតាំងការិយាល័យ ទើបធ្វើឱ្យពោតរបស់គាត់ខូចខាត។ ដោយសារមានការខាតបង់បែបនេះ ទើបក្រុមហ៊ុនផ្តល់ថវិកាឧបត្ថម្ភជូនប្អូនប្រុសនោះ ដោយមើលឃើញពីការលំបាករបស់គាត់”។

ការឧបត្ថម្ភពីតំណាងទីក្រុងកោះពេជ្រ ជូនដល់បុរសលក់ពោតស្ងោរនោះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយលោកជិន ហុក ប្រធានគ្រប់គ្រងទីក្រុងកោះពេជ្រ បានចុះដល់បន្ទប់ជួលស្នាក់នៅរបស់បុរសលក់ពោតស្ងោរដោយផ្ទាល់នៅតំបន់បឹងសាឡាង ក្នុងខណ្ឌទួលគោក និងបានប្រគល់ថវិកាមួយចំនួនជូនដល់បុរសលក់ពោតស្ងោរផងដែរ។

លោកជិន ហុក បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់សាធារណជនទូទៅ សូមកុំឱ្យមានការភ័ន្តច្រឡំថាសន្តិសុខក្រុមហ៊ុនធ្វើបាបប្អូនប្រុសដែលលក់ពោតនោះ ការពិតទៅគឺសន្តិសុខគាត់អនុវត្តទៅតាមគោលការណ៍របស់ក្រុមហ៊ុនដើម្បីថែរក្សានៅវសណ្តាប់ធ្នាប់ សន្តិសុខ និងអនាម័យ ជូនភ្ញៀវជាតិ និងអន្តរជាតិដែលបានអញ្ជើញមកកម្សាន្តនៅក្នុងទីក្រុងកោះពេជ្រតែប៉ុណ្ណោះ”។

គួរបញ្ជាក់ថា ទីក្រុងកោះពេជ្រតែងតែចូលរួមជួយដល់ការងារសង្គមជាច្រើន ជាក់ស្តែងទីក្រុងនេះមានរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ដែលត្រៀមបម្រុង និងតែងតែចេញទៅជួយបាញ់ពន្លត់ ករណីអគ្គិភ័យនានា ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ៕

RELATED ARTICLES