Monday, November 24, 2025
Homeព័ត៌មានជាតិចោរថ្លើមធំប៉ុនណាទៅ ប៉ុស្តិ៍ប៉ូលិសនៅពីមុខ ហ៊ានចូលលួចលុយក្នុងសាខាពន្ធដារ

ចោរថ្លើមធំប៉ុនណាទៅ ប៉ុស្តិ៍ប៉ូលិសនៅពីមុខ ហ៊ានចូលលួចលុយក្នុងសាខាពន្ធដារ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់បង្អួចចូលលួចលុយក្នុងសាខាពន្ធដារខណ្ឌដង្កោ អស់ប្រមាណជាង៦ម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសាខាពន្ធដារខណ្ឌដង្កោ មានទីតាំងស្ថិតនៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក តាមផ្លូវលេខ២១៧ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខឯកជនម្នាក់ បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុរូបគាត់បានឈប់សំរាកនៅផ្ទះ លុះព្រឹកឡើងពេលមកយាមនៅសាខាពន្ធដារខណ្ឌដង្កោវិញ ស្រាប់តែសមត្ថកិច្ចប៉ុស្តិជើងឯក ដឹកគាត់យកមកសាកសួរតែម្តង។

ជុំវិញករណីក្រុមចោរចូលលួចក្នុងពន្ធដារខាងលើនេះ មហាជនបានសម្តែងនូវអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង ខណៈដែលចោរថ្លើមធំហ៊ានធ្វើសកម្មភាពគាស់បង្អួចចូលលួចលុយក្នុងសាខាពន្ធដារ ទាំងដែលមានទីតាំងនៅទល់មុខប៉ុស្តិ៍នគរបាលទៀត ហេតុអ្វីបានជាសមត្ថកិច្ចប៉ុស្តិ៍ជើងឯក បណ្តែតបណ្តោយឱ្យមានរឿងបែបនេះកើតឡើងបាន។

យ៉ាងណាក្តី មហាជនកំពុងតែរង់ចាំមើលថា សមត្ថកិច្ចខណ្ឌដង្កោ និងកម្លាំងជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងអាចស្រាវជ្រាវវែកមុខចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសបានឫយ៉ាងណា៕

RELATED ARTICLES