Monday, November 24, 2025
Homeព័ត៌មានជាតិឮសំឡេងសោះ ស្រាប់តែកម្មករ៥នាក់ ដួលសន្លប់បន្តគ្នា

ឮសំឡេងសោះ ស្រាប់តែកម្មករ៥នាក់ ដួលសន្លប់បន្តគ្នា

ខេត្តកំពង់ស្ពឺ ៖ កម្មការិនីមួយក្រុមកំពុងអង្គុយដេរនៅក្នុងរោងចក្រសុខៗ ក៏ស្រាប់តែម៉ូទ័រម៉ាស៊ីនដេរបានផ្ទុះ រួចក៏ឆ្លងចរន្តឆក់បណ្តាលឱ្យរងរបួសចំនួន៥នាក់ និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្នុងរោងចក្រផលិតសម្លៀកបំពាក់ យីហោថបហូយូ មានទីតាំងស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។

តាមសម្តីនារីម្នាក់ឈ្មោះដា នីតា អាយុ២៤ឆ្នាំ មុខរបរជាកម្មការិនីក្នុងរោងចក្រខាងលើ រស់នៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុខណៈដែលនាង រួមនឹងកម្មកករកម្មការិនីផ្សេងទៀតកំពុងអង្គុយដេរសុខៗ ក៏ស្រាប់តែនាងបានប្រទះឃើញម៉ូទ័រម៉ាស៊ីនដេរបានផ្ទុះតែមិនចេញផ្សែងទេ គ្រាន់តែឮសូរសំឡេងបុ់ណ្ណោះ។

នាងបន្តថា រំពេចនោះក៏មានកម្មការិនីម្នាក់ត្រូវខ្សែភ្លើងឆក់ដួលសន្លប់ ហើយក៏មានអ្នកឆក់បន្តបន្ទាប់ទៀត សរុប៥នាក់ ដែលកំពុងអង្គុយដេរជិតៗគ្នា។

ក្រោយពីចរន្តអគ្គិសនីបានឆក់កម្មការិនីទាំង៥នាក់​ បណ្តាលរងរបួសហើយនោះ ខាងរោងចក្រមិនមានរថយន្តដឹកកម្មការិនីដែលរងរបួសនោះទៅព្យាបាលទេ តែសំណាងដែលមានកម្មការិនីដែលបម្រើការងារជាមួយគ្នា បាននាំគ្នាដឹកតាមម៉ូតូយកទៅព្យាបាលជំនួសខាងរោងចក្រទៅវិញ៕

RELATED ARTICLES