ខេត្តព្រះសីហនុ ៖ ស្ត្រីជាចុងភៅប្រចាំហាងខារ៉ាអូខេម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី បែរជាសម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចកោះគ្រោះ ស្ថិតក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះថាប់ រាត្រី អាយុ៣៧ឆ្នាំ មុខរបរចុងភៅហាងខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទំនប់តាកួក ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានត្អូញថា ខ្លួនដូចជាមានអាការឈឺក្បាលវិលមុខ រួចក៏សុំទៅសម្រាកមួយសន្ទុះ។ លុះក្រោយមកស្រាប់តែមានគេប្រទះឃើញស្ត្រីរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ ដោយមិនដឹងមូលហេតុ ធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕