Monday, November 24, 2025
Homeព័ត៌មានជាតិមិននាំទៅឲ្យប៉ូលិស បែរជាយកលាក់ទុកក្នុងផ្ទះ ជាប់ទោសខ្លួនឯងវិញ

មិននាំទៅឲ្យប៉ូលិស បែរជាយកលាក់ទុកក្នុងផ្ទះ ជាប់ទោសខ្លួនឯងវិញ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានជួលម៉ូតូកញ្ចាស់១គ្រឿងទៅឱ្យយុវជនម្នាក់ដើម្បីរត់ឌុប លុះយុវជនរូបនោះទាល់លុយត្រូវការប្រាក់មើលជំងឺប្រពន្ធ ក៏បែកគំនិតយកម៉ូតូដែលជួលគេនោះទៅលក់ ដោះទាល់១គ្រា លុះស្ត្រីជាម្ចាស់ម៉ូតូតាមរកមុខឃើញ មិនប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍នោះទេ បែរជាចាប់យុវជននោះទៅចាក់សោបង្ខាំងទុករួចទាក់ទងទៅប្រពន្ធរបស់យុវជននោះឱ្យយកលុយមកលោះប្តី ទីបំផុតរឿងរ៉ាវបែកធ្លាយក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីជាម្ចាស់ម៉ូតូពីបទបង្ខាំងមនុស្សដោយខុសច្បាប់។

ករណីខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្នុងបន្ទប់ផ្ទះលេខ៤A ផ្លូវលេខ៨៦ ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យចាន់ បុប្ផា

ជនសង្ស័យដែលចាប់បង្ខាំងមនុស្សដោយខុសច្បាប់ រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះចាន់ បុប្ផា ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅទីតាំងខាងលើ។

ចំណែកជនរងគ្រោះមានឈ្មោះហាប់ សុបព្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរជាងសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានជួលម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ទឹកក្រូច មិនចាំស្លាកលេខ ទៅឱ្យជនរងគ្រោះឈ្មោះហាប់ សុបព្រី ដោយថ្លៃឈ្នួលជួល១៥០០០រៀល ក្នុងមួយថ្ងៃ ដើម្បីយកទៅរត់ឌុបយកប្រាក់។

ប្រភពបានបន្តថា​ បន្ទាប់មកដោយខ្វះខាតនិងត្រូវការប្រាក់ដើម្បីយកទៅមើលប្រពន្ធមានជំងឺ ជនរងគ្រោះក៏បានយកម៉ូតូដែលជួលនោះទៅលក់ បានប្រាក់ចំនួន១៥ម៉ឺនរៀល។

ជនរងគ្រោះឈ្មោះហាប់ សុបព្រី

ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង៣និង០៣នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះចាន់ បុប្ផា បានដឹង ក៏ឃាត់ខ្លួនជនរងគ្រោះនៅចំណុចក្បែររបងមជ្ឈមណ្ឌលលាងឈាម ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ភ្លាមនោះជនសង្ស័យបាននាំជនរងគ្រោះឈ្មោះហាប់ សុបព្រី យកទៅចាក់សោទុកនៅក្នុងបន្ទប់ផ្ទះលេខ៤A ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាបន្ទប់របស់ខ្លួនដើម្បីទាក់ទងប្រពន្ធជនរងគ្រោះឱ្យរកលុយមកសង។

ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ ហើយឃាត់ខ្លួនជនសង្ស័យ និងនាំជនរងគ្រោះយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តែម្តង៕

RELATED ARTICLES