ខេត្តរតនគិរី ៖ ក្មេងប្រុសពីរនាក់បងប្អូនដើររើសខ្យងនៅមាត់ស្រះទឹក ក៏ស្រាប់តែរអិលជើងដោយខ្លួនឯងធ្លាក់ចូលស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ក្មេងពីរនាក់លង់ទឹកស្លាប់នោះ បានកើតឡើងនៅវេលាម៉ោងប្រហែល១២និង៤២នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចទឹកស្រះខាងត្បូងសាលាឃុំឯកភាព ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះទី១. ឈ្មោះផេត ចិត្ត ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ។ ទី២. ឈ្មោះផេត យុត ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិខ្មែរ ទាំងពីរ នាក់បងប្អូនបង្កើតជាសិស្ស មានលំនៅភូមិ ប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ក្មេងៗទាំងពីរនាក់បងប្អូនបាននាំគ្នាដើររើសខ្យងតាមមាត់ស្រះ ក្នុងខណៈនោះក្មេងតូចជាប្អូនបាន រអិលជើងធ្លាក់ចូលក្នុងទឹកស្រះនោះមុន ហើយក្មេងរងគ្រោះជាបងឃើញដូចនោះ ក៏ហក់លោតទៅជួយ រួចក៏លង់ទឹកស្លាប់ទាំង២នាក់តែម្តងទៅ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំឯកភាព បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ដោយបានចុះជួយរាវរកឃើញថា ក្មេងៗទាំង២នាក់ពិតជាបានលង់ទឹកស្លាប់ប្រាកដមែន ហើយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក៏បានប្រគល់សពឱ្យក្រុមគ្រួសារអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណី៕