ខេត្តកណ្ដាល ៖ ក្មេងប្រុសស្ទាវម្នាក់គ្រាន់តែខឹងម៉ែស្តីប្រដៅអប់រំកុំឲ្យដើរលេងសេពគប់មិត្តមិនល្អ ស្រាប់តែចិត្តខ្លាំងហ៊ានដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបណ្តាលឲ្យដាច់ខ្យល់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១៨និង១០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ។
ក្មេងប្រុសដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះ អន ម៉េងអៀង អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុ មានឪពុកឈ្មោះ អុន អន ភេទប្រុស អាយុ៤០ឆ្នាំ និងម្តាយឈ្មោះវ៉េង ស្រីម៉ៅ អាយុ៣៨ឆ្នាំ ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្រ្ដីជាម្ដាយរបស់ក្មេងប្រុសរងគ្រោះបានសួរទៅកូន (ជនរងគ្រោះ) ថា ទូរស័ព្ទដែលកូនប្រើ ឥឡូវនៅណា ម្តេចមិនឃើញប្រើ? ភ្លាមនោះកូនបានឆ្លើយថា ទូរស័ព្ទខូចយកទៅឲ្យជាងធ្វើ ។ បន្ទាប់មកស្រ្ដីជាម្ដាយបានស្តីប្រដៅអប់រំណែនាំកូនថា កុំចេះតែដើរលេងសេពគប់មិត្តភក្ដិមិនល្អ ប្រយ័ត្ននាំទុកដល់ខ្លួន។
ប្រភពដដែលបន្តថា បន្ទាប់ពីបានស្តីប្រដៅអប់រំកូនរួច ម្ដាយក្មេងប្រុសរងគ្រោះបានចេញទៅធ្វើការនៅក្រុមហ៊ុន7NG បាត់ទៅ ដោយជនរងគ្រោះនៅផ្ទះជាមួយប្អូនស្រី ។ លុះមកដល់ម៉ោង១៧និង៣០នាទីថ្ងៃដដែល ក្មេងប្រុសរងគ្រោះបានចូលក្នុងបន្ទប់ទឹកក្រោមផ្ទះ ខ្ទាស់គន្លឹះពីក្នុងជាប់ ។

ប្រភពបន្ថែមថា រហូតមកដល់ម៉ោង១៨និង១០នាទី មិនឃើញក្មេងប្រុសរងគ្រោះចេញពីបន្ទប់ទឹកវិញ ទើបក្មេងស្រីឈ្មោះ អន ស្រីឡែន ជាប្អូនស្រី មានការសង្ស័យក៏ទៅអើតមើលតាមប្រលោះព្រិលបន្ទប់ទឹក ស្រាប់តែឃើញបងរបស់ខ្លួនចងកសម្លាប់ខ្លួនក៏ស្រែកឆោឡោហៅអ្នកជិតខាងឲ្យជួយធាក់ទ្វារចូលជួយស្រាយជនរងគ្រោះចុះដើម្បីសង្គ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏រាយការណ៍ជូនសមត្ថជំនាញស្រុកចុះមកធ្វើការពិនិត្យរួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ។
ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពក្មេងប្រុសរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕